(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចបានសម្រេចចុះហត្ថលេខា ដោយអនុញ្ញាតឲ្យធ្វើការបញ្ចុះតម្លៃអាត្រាអាករ ការនាំចេញលើមុខទំនិញថ្មធម្មជាតិ ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុនចំពោះការនាំចេញថ្មធម្មជាតិនេះទៅក្រៅ។
តាមរយៈផេកហ្វេសបុកផ្ទាល់ និងឆាណែលតេលេក្រាមនាព្រឹកថ្ងៃទី២៩កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួនក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថាក្នុងពេលដែលសម្តេច និងគណៈប្រតិភូ ចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅថ្មីៗនេះ សម្តេចបានជួបជាមួយប្អូនស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រីបានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។
ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលសម្តេចបានទទួល សម្តេចបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធ ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានិតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថាជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើរ ដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះសម្តេចបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិផងដែរ៕