(ខេត្តពោធិ៍សាត់ )៖ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ អំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្តោយដោយស្ទឹង បង្កើនការប្រុងប្រយ័ត្ន និងត្រៀមរកទីទួលសុវត្ថិភាព ដោយសារទឹកស្ទឹងបន្តកើនឡើង ដល់កម្រិតប្រកាសអាសន្ន។
ប្រធានមន្ទីរធនធានទឹក ចេលសេចក្ដីជូនដំណឹង ពីស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ថា នៅថ្ងៃទី២៩កញ្ញា ទឹកស្ទឹងបានកើនឡើងក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន។ ជាមួយគ្នាដែរ លោក កែវ វ័យ តាមដានអាកាសធាតុរួចហើយ ឃើញភ្លៀងនៅតែបន្តធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារែង និងស្ទឹងធំ ក្នុងកម្រិតខ្ពស់។ ដូច្នេះ តាមរយៈឥទ្ធិពលនេះ លោកវាយតម្លៃថាទឹកស្ទឹងពោធិ៍សាត់នឹងបន្តសន្ទុះឡើង ហើយអាចបង្កឱ្យមានទឹកជំនន់ក្នុងខេត្ត។
«សូមជម្រាបជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង
នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ»។នេះជាការអំពាវនាវរបស់ មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ទៅដល់អាជ្ញាធរ និងពលរដ្ឋ នៅថ្ងៃទី២៩កញ្ញានេះ។
យោងតាមការព្យាករសម្ពាធ សកម្មមួយ ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិចស្របជួរភ្នំដងរែក។ ដំណើរនៃសម្ពាធទាបនេះ អាចធ្វើឱ្យតំបន់ខ្ពង់រាបភាគឦសានខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី ២៦-២៨កញ្ញានេះ៕