Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម គន់ គីម ណែនាំអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តន៍តាមបទបញ្ជាសម្តេចធិបតី ឱ្យបានម៉ឺងម៉ាត់ជួយពលរដ្ឋពីគ្រោះទឹកជំនន់

Media LNN | Sep 29, 2023
ឯកឧត្តម គន់ គីម ណែនាំអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តន៍តាមបទបញ្ជាសម្តេចធិបតី ឱ្យបានម៉ឺងម៉ាត់ជួយពលរដ្ឋពីគ្រោះទឹកជំនន់
Clinic narith

 

(ពោធិ៍សាត់)៖ ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណជាពីរថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយ ចំនួនក្នុងស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ផងដែរ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តន៍​តាមបទបញ្ជា​សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ក្នុងរដូវវស្សានេះ។ ខណៈអាជ្ញាធរពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានស្រាក់ដៃគ្នាចុះជួយប្រជាពលរដ្ឋ និងដោះស្រាយផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកភ្លៀងនេះ។

ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង តែង បង្ក ទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់។

អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញវិធានការនានា បង្ការ គ្រោះដល់អាយុជីវិតពលរដ្ឋ។ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានចុះទៅដល់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាពដោយផ្ទាល់ និងរួមគ្នាដាក់ចេញវិធានការជួយពលរដ្ឋរងគ្រោះ។

ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពីពីរថ្ងៃ មុនភ្លៀងបានធ្លាក់ខ្លាំងនៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិច​នៅ​ស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រក នៅផ្នែកខាងលើ ទឹកក៏ហូរទាក់មកស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើទៀត​ទេនោះ ស្ថានភាពនៃការ ជន់លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុង​ពេលឆាប់ៗ​ខាងមុខនេះ។ ទោះបីយ៉ាងណា ​ក្រោមបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ ​និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្ត តាមដានស្ថានការណ៍ ហើយដាក់ចេញវិធានការ​មួយចំនួនបញ្ចៀសផលប៉ះពាល់កុំឱ្យធ្ងន់ធ្ងរ។ ជាពិសេសការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបាន​រួមគ្នាយ៉ាង សស្រាក់សស្រាំជួយដល់ប្រជាពលរដ្ឋរងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្ត អនុវត្តន៍តាមបទបញ្ជាសម្តេចធិបតី នាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ៕