ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Yangtze Memory Technologies Corp (YMTC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប (Semiconductor) ឈានមុខគេរបស់ប្រទេសចិនកំពុងចាត់វិធានការសំខាន់ៗដើម្បីជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។ ក្រុមហ៊ុននេះ បានទទួលប្រាក់ជាដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៧ពាន់លានដុល្លារពីអ្នកវិនិយោគដែលត្រូវបានគេដឹងថាមានរដ្ឋចិននៅពីក្រោយ ដើម្បីធ្វើការងារដ៏សំខាន់មួយនេះ យោងតាមការឱ្យដឹងពីសារព័ត៌មាន SCMP ។
ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបពិភពលោក៖ ក្រុមហ៊ុន YMTC កំពុងប្រញ៉ាប់ប្រញ៉ាលពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតឧបករណ៍ Semiconductor របស់ចិនក្នុងស្រុក ដើម្បីជំនួសគ្រឿងបន្លាស់របស់សហរដ្ឋអាមេរិកនៅក្នុងបរិក្ខារផលិតកម្មរបស់ខ្លួន។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ កើតឡើងបន្ទាប់ពីអាមេរិកទើបនឹងប្រកាសចាប់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ទីក្រុងហាណូយកាលពីដើមខែនេះ។ ជាលទ្ធផល ក្រុមហ៊ុនយក្ស Intel របស់អាមេរិកប្រកាសថានឹងបោះទុនយ៉ាងច្រើនចំនួន $១,៥ ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដ៏ធំជាងគេក្នុងលោក នៅទីក្រុងហូជីមិញ។
លោក Chen Nanxiang ប្រធានក្រុមហ៊ុន YMTC បានសម្តែងការព្រួយបារម្ភអំពីភាពចលាចលនៃវិស័យបន្ទះឈីបសកល ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយកាលពីដើមឆ្នាំនេះ។ លោកបានផ្តល់អនុសាសន៍ថា អ្នកផ្គត់ផ្គង់ដែលមិនអាចធានាបាននូវការចែកចាយ ឬប្រតិបត្តិការធម្មតានៃឧបករណ៍របស់ពួកគេគួរតែ “ទិញ” ឧបករណ៍ទាំងនោះពីអតិថិជនវិញ ដែលគេដឹងថាលោកចង់សំដៅ ចំពោះអ្នកផ្តល់សេវាអាមេរិក។
ការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក៖ ការដាក់កំហិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ធ្វើឱ្យចិនពិបាកទទួលបានគ្រឿងម៉ាស៊ីនផលិតបន្ទះឈីបកម្រិតខ្ពស់ ការណ៍នេះបានជំរុញឱ្យអាជីវកម្មនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ semiconductorរបស់ចិនក្នុងស្រុកងាកមកពង្រឹងការសហការគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាមេរិក។ ឧទាហរណ៍ជាក់ស្តែងមួយគឺក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ប្រទេសចិន ដែលបានបញ្ចូលបន្ទះឈីប 7-nanometer ដោយជោគជ័យនៅក្នុងកម្មវិធីទូរសព្ទស្មាតហ្វូន Mate 60 Pro របស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ យោងតាមរបាយការណ៍ ដោយក្រុមហ៊ុនស្រាវជ្រាវ TechInsights របស់ប្រទេសកាណាដា។
តួនាទីរបស់ក្រុមហ៊ុន YMTC នៅក្នុងទីផ្សារបន្ទះឈីបសកលលោក៖ ក្រុមហ៊ុនYMTC ឈរឈ្មោះជាគូប្រជែងដ៏ខ្លាំងរបស់ប្រទេសចិននៅក្នុងទីផ្សារបន្ទះឈីប NAND អន្តរជាតិ ដោយប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតធំៗនៅលើពិភពលោកដូចជា Samsung Electronics, SK Hynix, Kioxia Corp, និង Micron Technology ។ ក្រុមហ៊ុននេះ បានបង្ហាញបន្ទះឈីបម៉ាក 232-layer 3D NAND X3-9070 ដ៏ទំនើបរបស់ខ្លួន នៅក្នុងខែសីហា ឆ្នាំ ២០២២ ដែលស្នាដៃនេះជាការកត់សម្គាល់នូវសមិទ្ធិផលបច្ចេកវិទ្យាដ៏សំខាន់មួយ។
បញ្ហាប្រឈម និងភាពធន់នៃសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក៖ ក្រុមហ៊ុន YMTC បានប្រឈមមុខនឹងការរំខានយ៉ាងខ្លាំងកាលពីខែតុលាឆ្នាំមុន នៅពេលដែលបានធ្វើបច្ចុប្បន្នភាពច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមិនត្រឹមតែបញ្ឈប់ការនាំចេញឧបករណ៍ផលិតបន្ទះសៀគ្វីទៅកាន់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហាមឃាត់បុគ្គលិកអាមេរិកពីការផ្តល់សេវាថែទាំនៅក្នុងប្រទេសនេះផងដែរ។ ជាលទ្ធផល ក្រុមហ៊ុនអាមេរិកជាច្រើនដូចជា Lam Research និង KLA Corp បានដកបុគ្គលិករបស់ពួកគេចេញពីក្រុមហ៊ុន YMTC ។
កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនចិន YMTC ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការពន្យារពេលក្នុងការសាងសង់មន្ទីរពិសោធន៍បន្ទះឈីប wafer fab ទីពីរនៅទីក្រុង Wuhan និងការកាត់បន្ថយការបញ្ជាទិញឧបករណ៍យ៉ាងច្រើនពីចិន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនចិននេះ បានចាប់ដំណើរការឡើងវិញនៅខែមីនា ឆ្នាំ ២០២៣ ជាមួយនឹងការបង្កើនដើមទុនចំនួន ៧ ពាន់លានដុល្លារពីអ្នកវិនិយោគដែលគាំទ្រដោយរដ្ឋការចិន។
មូលដ្ឋានីយកម្ម (អាមេរិកឈប់ផ្គត់ផ្គង់ ផលិតក្នុងស្រុកលក់ក្នុងស្រុក)៖ ការសហការរបស់ក្រុមហ៊ុន YMTC ជាមួយក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប semiconductor ក្នុងស្រុកមានគោលបំណងផលិតការជំនួសសមាសធាតុសំខាន់ៗដែលប្រើប្រាស់ក្នុងឧបករណ៍របស់ខ្លួន ដែលពីមុនត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Lam Research របស់សហរដ្ឋអាមេរិក ក្នុងនោះមានគ្រឿងបរិក្ខារ semiconductor ជាច្រើន រួមទាំងបន្ទះស្ថិតិអេឡិចត្រូនិក (electrostatic chucks) ទាមទារការថែទាំ និងការជួសជុលជាប្រចាំ។
គួរកត់សម្គាល់ថា ក្នុងករណីចិនខកខានក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងធ្វើមូលដ្ឋានីយកម្មទាំងនេះឱ្យដូចផែនការបាន នោះវាអាចគំរាមកំហែងដល់លទ្ធភាពជោគជ័យរបស់ក្រុមហ៊ុន YMTC ដោយសារកត្តាកង្វះការថែទាំឧបករណ៍ និងផ្នែកជំនួស ដែលនឹងនាំឱ្យមានឱនភាពទិន្នផល និងកិត្យានុភាពផលិតកម្មបន្ទះឈីបចិន ត្បិតថា ចិនអាចថានឹងពិបាករកដៃគូផ្គត់ផ្គង់ដែលមានសមត្ថភាពក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាកម្រិតកំពូលនេះឱ្យមានគុណភាពល្អ ក្រៅពីអាមេរិកនិងតៃវ៉ាន់បានណាស់៕