Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធររាជធានីភ្នំពេញ ប្រជុំរិះរកវិធានការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងចេញពីភ្នំពេញ

Media LNN | Oct 04, 2023
អាជ្ញាធររាជធានីភ្នំពេញ ប្រជុំរិះរកវិធានការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងចេញពីភ្នំពេញ
Clinic narith

 

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រព័ន្ធលូ និងប្រឡាយបង្ហូរទឹកពីតូចទៅធំ ព្រមទាំងដំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុន និងរៀបចំដំឡើងស្ថានីយបូមទឹកថ្មីបន្ថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។

នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់​បញ្ចៀស​ការជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយ​អភិបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ចំពោះរាជធានីភ្នំពេញការរៀបចំប្រព័ន្ធលូ ប្រឡាយ​រំដោះទឹក​គឺបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារឱ្យរួមគ្នាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណា​បញ្ចៀស​ឱ្យបានពីការលិចលង់​នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។

ឯកឧត្ដម ឃួង ស្រេង បន្តថា កិច្ចប្រជុំនេះ​មានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូ ប្រឡាយ​ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗ​បន្ថែមទៀត ឈានទៅរកការរំដោះទឹក​ក្នុងរាជធានី​ភ្នំពេញ​ឱ្យបានកាន់តែល្អប្រសើរ ​និងប្រើប្រាស់បានយូរអង្វែង ​ពិសេសការបង្វែរផ្លូវទឹកពី​ខេត្តកំពង់ស្ពឺ កុំឱ្យចូលមករាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ​តាមគោលការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោមដីឱ្យបានល្អ ដោយធ្វើយ៉ាងណា ​កុំឱ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។

ការងារនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ​និងមន្ទីរធនធានទឹក ​និងឧតុនិយមរាជធានីភ្នំពេញ រៀបចំ​ជាផែនការ​ដាក់ទៅអន្តរក្រសួង ​ដើម្បីយើង​បន្តអនុវត្តលើការងារនេះបន្តទៀត​ និងត្រូវរៀបចំ​ជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់​ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ ទៅ៣០ឆ្នាំ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ ​និងដឹកជញ្ជូនរាជធានីភ្នំពេញ ​បានលើកឡើងផងដែរថា ការស្ថាបនាប្រព័ន្ធលូ ​នៅរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០២២ គឺស្ថាបនា​បានបណ្តាញ​លូប្រវែងជាង ៩២៤គីឡូម៉ែត្រហើយ នឹងបន្តស្ថាបនាប្រព័ន្ធលូ ​ប្រឡាយជាបន្តបន្ទាប់ទៀត ។ បញ្ហាសំខាន់គឺរក្សាឱ្យបាននូវអាងស្តុបទឹក ​ដើម្បីរំដោះទឹកចេញពីភ្នំពេញ៕