Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការងារ ជួបជាមួយសហជីពនៅទូទាំងប្រទេស ក្នុងគោលបំណងស្វែងយល់ពីចក្ខុវិស័យរួមគ្នា

Media LNN | Oct 06, 2023
ក្រសួងការងារ ជួបជាមួយសហជីពនៅទូទាំងប្រទេស ក្នុងគោលបំណងស្វែងយល់ពីចក្ខុវិស័យរួមគ្នា
Clinic narith

 

(ភ្នំពេញ)៖​ នៅទីស្តីការក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែតុលានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាល​ការងារ​ជាមួយសហភាព និងសហព័ន្ធសហជីពចំនួន ២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពី​គោលដៅរួម​របស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត​ដែលអនុវត្ត​តាមការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះ ​ជំនួបដ៏មានអត្ថន័យនិងខ្លឹមសារនេះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាព​ និងកិច្ច​សហប្រតិបត្តិការក្នុងភាពជាដៃគូរដែលមិនអាចខ្វះបានក្នុងការជួយជ្រួមជ្រែង និង​ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងភាពសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពសុខុដុមនីយកម្ម​ក្នុងវិជ្ជាជីវៈកាត់ដេរវាយនភណ្ឌ និងផលិតផល​ធ្វើដំណើរនេះ ​ទាមទារឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យកម្មករ​និយោជិត​យល់ពីក្រប​ខណ្ឌគតិយុត្តិ និងកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវបានកំណត់​ដើម្បី​រក្សាប្រយោជន៍​ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។ ​ជំនួបនេះ គឺជាជំនួប​ទ្រង់ទ្រាយ​ធំ​លើកទី១រវាងសហជីពគ្រប់និន្នាការ និងក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈក្នុងដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាល ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហជីពគឺជាដៃគូមិនអាចខ្វះបាន​របស់រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិតហើយការនេះតម្រូវ​ឱ្យ​សហជីព​ទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍ សមត្ថភាព​ដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយ​ដែល​មានភា​ពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនកម្មករនិយោជិតយូរអង្វែង។

បើតាមឯកឧត្តមរដ្ឋមន្ត្រី វប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាមក្រុមគ្រួសារតែមួយការជជែកត្រង់ទៅត្រង់​មករវាងសហជីពនិងក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុតដើម្បីឱ្យវិស័យការងារនៅកម្ពុជា​កាន់តែ​រឹងម៉ាំ​និងជាម្លប់ដ៏ត្រជាក់ប្រកបដោយភាពទាក់ទាញ​សម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងការចាប់យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាគឺជាឋានសួគ៌របស់សហជីព​ដែល​បង្កើតឡើង ​ដើម្បីការពារប្រយោជន៍​ដល់កម្មករ​ ដែលជាមធ្យមនៅរោងចក្រមួយមាន​សហជីព​មិនតិចជាង៣ផ្សេងគ្នានោះទេ។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃទំនាក់ទំនង និងចំណងមិត្តភាពស្អិតរមួតរវាងភាគីទាំងពីរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​បង្កើត​ឱកាសជំនួបជាលក្ខណៈដាច់ដោយឡែកនិង​ជាក្រុម​ប្រមូលផ្តុំឱ្យបាន​ញឹកញាប់​ជាមួយគ្នា។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាលសហជីពទាំងអស់បានចូលរួម​អាហារសាមគ្គី និងច្រៀងកំសាន្តយ៉ាងសប្បាយរីករាយជាមួយគ្នាក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕