ខេត្តកំពង់ស្ពឺត្រូវគេចាត់ទុកជាខេត្តមាសខេត្តពេជ្រ និងជាខេត្តដែលជាប់ចំណាត់ថ្នាក់លេខពីរបន្ទាប់ពីភ្នំពេញ ជាខេត្តដែលមានរោងចក្រ-សហគ្រាសច្រើនបំផុតរហូតដល់ទៅ ៣៨៥ និងមានកម្មករនិយោជិតកំពុងបម្រើការងារសរុបដល់ទៅ ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ ។
ជាមួយគ្នាដែរ កាលពីពេលថ្មីៗកន្លងទៅក្នុងជំនួបរវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយយលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ខាងភាគីចិនបានបង្ហាញបំណងចង់មកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រកាត់ដេរមួយបន្ថែមទៀតនៅខេត្តកំពង់ស្ពឺ ដោយត្រូវការកម្លាំងពលកម្មប្រមាណជា ៦ពាន់នាក់។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនកាត់ដេរ ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២របស់ខ្លួន នៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។ និងបានជម្រុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកប្រមាណជាង ៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ ហើយក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd គឺជាក្រុមហ៊ុនផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ខណៈរោងចក្រទី១របស់ខ្លួនស្ថិតនៅក្នុងខេត្តកណ្តាល បាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា៕