Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យបន្ថែមការលក់កញ្ចប់ទស្សនកិច្ចនៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប ព្រោះជាផលិតផលមួយដ៏ទាក់ទាញ

Media LNN | Oct 07, 2023
រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យបន្ថែមការលក់កញ្ចប់ទស្សនកិច្ចនៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប ព្រោះជាផលិតផលមួយដ៏ទាក់ទាញ
Clinic narith

 

(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ជាពិសេសប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បន្ថែមការរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប ឱ្យបានកាន់តែច្រើនជូនភ្ញៀវទេសចរ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងការបន្តជួយរៀបចំតំបន់នេះឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់ការរៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ ការគាំពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។

លោករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកឯកជន និងភាគីពាក់ព័ន្ធ ជាពិសេសប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បន្តជួយផ្សព្វផ្សាយ និងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍នេះឲ្យបានច្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគខ្នាតតូច មធ្យម និងធំ ដើម្បីបង្កើនការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន គោរពតាមគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ស្របតាមទស្សនទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

សមាជិកសហគមន៍កំពង់ភ្លុកបាន ថ្លែងអំណរគុណលោករដ្ឋមន្ត្រីដែលមានគំនិតផ្តួចផ្តើមនានាក្នុងការជំរុញការអភិវឌ្ឍ និងអភិរក្សសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ) ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍៕