Alynana Media Cambodia
Icon Collap
clinic narit

ស្ពាន​កោះពេជ្រ-កោះនរា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន​រយៈពេល ៣ នៅថ្ងៃ​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនេះ ❗️

Admin Alynana | Oct 07, 2023
ស្ពាន​កោះពេជ្រ-កោះនរា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន​រយៈពេល ៣ នៅថ្ងៃ​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនេះ ❗️
Clinic narith

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះ​អាសន្ន​នូវ​ស្ពាន​កោះពេជ្រ កោះនរា រយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ ២០២៣ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។ នេះ​បើ​តាម​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បញ្ជាក់​ទៀត​ថា ក្រោយ​ផុត​រយៈពេល ៣ថ្ងៃ ការ​ធ្វើ​ចរាចរណ៍​នឹង​ត្រូវ​ផ្អាក​វិញ ដោយ​រង់ចាំ​រហូត​ដល់​ការដ្ឋាន​សាងសង់​បញ្ចប់​ទាំងស្រុង នៅ​អំឡុង​ថ្ងៃទី​២០ ឬ ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ ២០២៣ ខាងមុខ។ ក្រោយ​បញ្ចប់​ការដ្ឋាន​ទាំងស្រុង អាជ្ញាធរ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​តែម្ដង។ នេះ​បើ​តាម​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​បន្ថែម។

បើតាម​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ក្រុមហ៊ុន O.C.I.C បាន​និង​កំពុង​ដំណើរ​ការ​សាងសង់​ស្ពាន​ខ្សែកាប តភ្ជាប់​ចរាចរណ៍​រវាង​តំបន់អភិវឌ្ឍន៍​កោះនរា និង​តំបន់​អភិវឌ្ឍន៍​កោះពេជ្រ ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​គិតមក​ទល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​អនុវត្ត​គម្រោង​បាន​ប្រមាណ ៩៥% ហើយ។

កន្លងមក​ដើម្បី​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍ នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស បើទោះបី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាឡាង​ដឹក​អ្នក​ដំណើរ រវាង​តំបន់​ខណ្ឌ​ច្បារ​អំពៅ និង​តំបន់​ខណ្ឌ​ចំការមន​ក្តី ​ក៏​នៅ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ និង​កំណើន​មធ្យោបាយ​ដឹកជញ្ជូន​នៅឡើយ គ្រាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​ចរាចរណ៍​មាន​ភាព​ធូរស្រាល។

គួរជម្រាបថា សម្រាប់​ការ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ស្ពាន​នេះ គឺ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តែ​ផ្លូវស្ពាន​មួយ​ចំហៀង សម្រាប់​ការ​ធ្វើ​ចរាចរណ៍​ទ្វេទិស និង​កំណត់​ទម្ងន់​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្លងកាត់​ត្រឹម​ទម្ងន់ ៥តោន​ចុះក្រោម៕