ផ្កាយរណបអង្កេតផែនដីទីពីររបស់ប្រទេសថៃ ដែលគេស្គាល់ថា THEOS-2 ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីព្រឹកព្រលឹមថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ដោយរ៉ុក្កែត VEGA ពីមជ្ឈមណ្ឌលបាញ់បង្ហោះ Guiana Space Center ក្នុងទីក្រុង Guiana អាប្រទេសបារាំង នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងស្រាវជ្រាវ និងនវានុវត្តន៍វិទ្យាសាស្ត្រថៃ ។
ពីមុន ផ្កាយរណបនេះ គ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី ៧ ខែតុលា ប៉ុន្តែមានបញ្ហាប្រព័ន្ធប៉ះពាល់ដល់សមាសធាតុមួយចំនួននៃឧបករណ៍ ។ ដូច្នេះការបាញ់បង្ហោះផ្កាយរណបត្រូវបានពន្យារពេលមកថ្ងៃទី ៩ វិញ ។
ក្រុមហ៊ុនអវកាសបារាំង Arianespace ដែលត្រូវទទួលរ៉ាប់រងការបាញ់បង្ហោះនេះបានប្រកាសពីការពន្យារពេលនៃការបាញ់បង្ហោះផ្កាយរណប THEOS-2 ត្រឹមតែ ១៤ វិនាទីប៉ុណ្ណោះ មុនពេលការរាប់ថយក្រោយដែលបានគ្រោងទុក ដោយសារតែប្រព័ន្ធត្រួតពិនិត្យបានរកឃើញចរន្តអគ្គិសនីលើសពីកម្រិតដែលបានបញ្ជាក់ដោយអង្គភាពគ្រប់គ្រងសុវត្ថិភាព ។ អាស្រ័យហេតុនេះ ប្រព័ន្ធស្វ័យប្រវត្តិបានផ្តួចផ្តើមការបញ្ឈប់ជាបន្ទាន់នៃប្រតិបត្តិការទាំងអស់។
ការបាញ់បង្ហោះផ្កាយរណប THEOS-2 លើកកំពស់បច្ចេកវិទ្យាអវកាស និងការអភិវឌ្ឍនវានុវត្តន៍របស់ប្រទេស ក៏ដូចជាឧស្សាហកម្មអវកាស ដែលជាឧស្សាហកម្មថ្មីនៃអនាគតរបស់ប្រទេសថៃ ។
ចំណែកនាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា ខ្ញុំសប្បាយចិត្ត និងរីករាយណាស់ដែលថ្ងៃនេះ ប្រទេសថៃអាចបាញ់បង្ហោះផ្កាយរណប THEOS-2 ទៅកាន់តារាវិថីដោយជោគជ័យ ។ ផ្កាយរណប THEOS-2 គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋថៃគ្រប់រូប ។ វាជាផ្កាយរណបមួយដែលអាចថតរូបភាពបានយ៉ាងលម្អិតខ្ពស់ ដែលជាមុខងារដ៏ទំនើបមួយ ល្អបំផុតនៅក្នុងប្រទេសអាស៊ាន ប្រៀបធៀបទៅនឹងផ្កាយរណបដែលមានទម្រង់ខ្ពស់ពីប្រទេសឈានមុខគេលើពិភពលោក ។ វាត្រូវបានចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏សំខាន់របស់ប្រទេស។ នោះជាមោទនភាពរបស់យើងទាំងអស់គ្នា។