ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានចាប់ផ្តើមវិលត្រឡប់មកស្រុកកំណើតរៀងៗខ្លួនដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីជួបជុំសាច់ញាតិ និងធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅបរមលោក។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ ខែតុលានេះថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋរួមទាំងពលករខ្មែរធ្វើការនៅថៃបាននាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីធ្វើដំណើរទៅតាមស្រុកកំណើតរបស់ខ្លួនជួបជុំឪពុកម្តាយសាច់ញាតបងប្អូន និងធ្វើបុណ្យឧទ្ទិសកុសល្យជូនដូនតាដែលបានចែកឋាននាពេលកន្លងទៅ។
លោកបានបន្តថា ប្រជាពលរដ្ឋ រួមទាំងពលករធ្វើដំណើរពីប្រទេសថៃចូលមកតាមច្រកព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យក្នុងនោះនៅខែកញ្ញាតាមច្រកព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានចំនួនសរុប ៤៨៩ នាក់ស្រី ១៩៥នាក់និងច្រកដូងខេត្តបាត់ដំបង សរុបចំនួន ៥ ៨៧៧ ស្រី ២ ៨០៦ នាក់ សរុបរួមខែកញ្ញាមានចំនួន ៦ ៣៦៦ ស្រី ៣ ០០១នាក់។
ចំណែកខែតុលាវិញតាមច្រកព្រំដែនប៉ោយប៉ែត មានចំនួន ៤៦៩ នាក់ ស្រី ១៨៨ នាក់ និងច្រកដូងមានចំនួន២ ៨៥៤នាក់ស្រី ១ ១៧១នាក់សរុបរួមខែតុលា ៣ ៣២៣ នាក់ស្រី ១ ៣៥៩ នាក់។
លោកបានបន្តទៀតថា ជារួមចាប់ពីខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋនិងពលករខ្មែរវិលត្រឡប់មកពីប្រទេសចំនួន៩៦៨៩នាក់ស្រី៤៣៦០នាក់។
បើតាមលោក កត្តា អ៊ន គិតត្រឹមខែសីហាឆ្នាំ ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសចំនួន១ ៣៤២ ៩៦៣ នាក់ ស្រី ៥៤៦ ៩៨១ នាក់ក្នុងនោះនៅប្រទេសថៃមានចំនួន ១ ២៤៨ ២៤៥ នាក់ស្រី ៥០២ ២៥០នាក់៕