ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក រយៈពេល ៩ ខែឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ៧ ពាន់លានដុល្លារ ថយចុះ ៣.៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ស្ថិតនៅលេខរៀង ២ បន្ទាប់ពីប្រទេសចិន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ចំពោះការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិក រយៈពេល ៩ខែនេះ មានទំហំ ៦.៨ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំជាង ១៨១លានដុល្លារអាមេរិក។
បើតាមរបាយការណ៍គយ កម្ពុជា នាំចេញទៅទីផ្សារអាមេរិកនៅខែ កញ្ញា មានទំហំធំជាងគេ គឺប្រមាណជាង ៧៨៦លានដុល្លារ កើនឡើង ២៥.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានទំហំជាង ៦២៥លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅអាមេរិក មានដូចជាជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលនេះ គឺជានិន្នាការទីផ្សារសកល ដែលកើតមាននៅគ្រប់ប្រទេសនៅលើពិភពលោក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាពេលកន្លងមកថា ការនាំចេញទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅអាមេរិក រងឥទ្ធិពលពីសង្រ្គាមអ៊ុយក្រែន រុស្ស៊ី ដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចជាសកល។ លើសពីនេះទៀត អាមេរិកនៅមានបញ្ហានៃការចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុផងដែរ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិកអាចនឹងមានការកើនឬថយចុះបន្តទៀតនោះ គឺអាស្រ័យទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ស្របពេលដែលសង្គ្រាមរវាងប្រទេសទាំងពីរ នៅមិនទាន់មានសញ្ញានៃការពន្លត់ភ្លើងសង្គ្រាមផង ក៏កើតមានសង្រ្គាមនៅអ៊ីស្រអែលថែមទៀត ដែលធ្វើឱ្យវិបត្តិសេដ្ឋកិច្ចពិភពលោក នៅតែបន្តភាពស្រពិចស្រពិលមិនប្រាកដប្រជាបន្តទៀត។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩.២៨១ ពាន់លានដុល្លារ កើនឡើង ១៨.៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧ ៨២៦ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជិត ៨៩៦៩ ពាន់លានដុល្លារ កើនឡើង ១៩.៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧.១ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕