Alynana Media Cambodia
Icon Collap
clinic narit

សាកសពក្រុមឧទ្ទាមហាម៉ាស់ប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែល

Admin Alynana | Oct 11, 2023
សាកសពក្រុមឧទ្ទាមហាម៉ាស់ប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែល
Clinic narith

ហ្ស៊េរុយសាឡឹម៖ កងទ័ពអ៊ីស្រាអែលបាននិយាយថា សាកសពពួកសកម្មប្រយុទ្ធហាម៉ាសប្រហែល ១,៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែលកំពុងបើកការវាយលុកតាមអាកាសលើតំបន់ប៉ាឡេស្ទីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១១ តុលា ២០២៣។

អ្នកនាំពាក្យយោធា លោក Richard Hecht បានប្រាប់អ្នកយកព័ត៌មានថា សាកសពក្រុមហាម៉ាស់ប្រហែល ១,៥០០នាក់ (ពួកសកម្មប្រយុទ្ធ) ត្រូវបានរកឃើញនៅក្នុងទឹកដីអ៊ីស្រាអែលនៅជុំវិញតំបន់ហ្គាហ្សាស្ទ្រីប និងថា គិតមកទល់ពេលនេះ កងកម្លាំងសន្តិសុខបានគ្រប់គ្រងមកវិញ នូវទីតាំងភាគច្រើន ឬមួយចំនួនតូចនៅតាមព្រំដែនជាមួយតំបន់ហ្គាហ្សា។ លោកថា កងទ័ពជិតបញ្ចប់ការជម្លៀសប្រជាសហគមន៍ទាំងអស់នៅជុំវិញព្រំដែនហើយ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានរងការវាយប្រហារទ្រង់ទ្រាយធំពីក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្រុកចូលតាមរបងព្រំដែន ដោយមានការបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន និងបានសម្លាប់មនុស្សជាង ៩០០នាក់នៅក្នុងទឹកដីអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកតាមអាកាស និងបាញ់កាំភ្លើងធំ ទៅលើគោលដៅរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨៧នាក់៕ RT