Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

Admin Alynana | Oct 11, 2023
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនដល់មន្ត្រីរាជការស៊ីវិល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
Clinic narith

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០ ០០០ រៀល (ប្រាំម៉ឺន)ក្នុងម្នាក់ នា​ឱកាស​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ ដំណាលគ្នាជាមួយ​នឹង​ការ​ផ្តល់​បៀវត្ស​ប្រចាំ​ខែ​តុលា​។ នេះបើយោងអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងយោងសេចក្តីជូនដំណឹងស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣» របស់ក្រសួងមុខងារសាធារ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ 

សូមជម្រាបជូនថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមានពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ បានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមក ក្រោម​ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​បាន​បន្ត​អនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ​ផ្អែក​លើ​លទ្ធភាព​ដែល​រាជរដ្ឋាភិបាល​បាន​សន្សំ​សំចៃ ដើម្បីចែករំលែកដល់មន្ត្រីរាជការគ្រប់ប្រភេទ។

គួររម្លឹកផងដែរថា ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ បើទោះ​បី​ប្រទេស​កំពុង​ជួប​វិបត្តិ​ទាំង​សេដ្ឋកិច្ច និងសង្គម ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល មន្រ្តី​ជាប់​កិច្ច​សន្យា មន្រ្តីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្តីភូមិ ត្រូវ​បាន​បើក​ផ្តល់​ជា​ទៀង​ទាត់។ ខណៈនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ទោះបីមិនត្រូវបានដំឡើង ប៉ុន្តែ​ប្រាក់​បៀ​វត្ស​ និងប្រាក់ឧបត្ថម្ភមិនត្រូវបានកាត់បន្ថយឡើយ ហើយ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្រ្តីរា​ជ​ការ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅផ្តល់ជូនជាធម្មតា។

ការណ៍នេះ បានសបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និង​ការ​យក​ចិត្តទុកដា​ក់​ខ្ពស់​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងការបន្ត​ការ​ពារ​អត្ថ​ប្រយោជន៍​ ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ប្រភេទ ដែលបាន និង​កំពុង​បំពេញ​បេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ៕