គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអនុម័តលើកីឡាថ្មីចំនួន៥ប្រភេទសម្រាប់ការបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ ប៉ុន្តែបានបដិសេធចោលកីឡា មួយថៃ និង ឃីកបុកស៊ីង។
កីឡាថ្មី៥ប្រភេទដែលត្រូវបាន IOC អនុម័តជាផ្លូវការកាលពីសប្តាហ៍មុនគឺ softball, cricket, flag football, lacrosse និង squash ដែលចូលជាធរមានក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ ដែលទីក្រុងឡូស អេនជឺឡេស សហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ។
កីឡា«មួយថៃ» និង«ឃីកបុកស៊ីង» មិនត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិអនុម័តទទួលឡើយ។
ប្រទេសថៃបានប្រឹងប្រែងជាច្រើនឆ្នាំមកហើយដើម្បីដាក់បញ្ចូល«Muay Thai»ក្នុងកីឡាអូឡាំពិក។ អាជ្ញាធរកីឡាថៃ និងមូលនិធិអភិវឌ្ឍកីឡាជាតិថៃបានរៀបចំការឧបត្ថម្ភគាំទ្រទាំងស្រុង និងបង្កើតអនុគណៈកម្មការដើម្បីជួយដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលធ្វើយ៉ាងណាដើម្បីឲ្យបានចូលនៅឆ្នាំ២០២៨។ ក្នុងនោះថៃបានត្រៀមបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងគ្រោងចុះអនុស្សរណៈនៃការយោគយល់ជាមួយទីភ្នាក់ងារជាច្រើនដើម្បីឲ្យសម្រេចបានលទ្ធផល។
ទោះបីជាយ៉ាងណា មិនមែនមានន័យថា រលាយសូន្យត្រឹមឆ្នាំ២០២៨ឡើយ ថៃនៅតែមានឱកាសក្នុងការបញ្ចូលក្បាច់គុនក្នុងព្រឹត្តិការណ៍ពិភពលោកដែលធ្វើឡើងរាល់៤ឆ្នាំម្តងនាពេលអនាគត៕