នៅពីក្រោយផែនការរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនរហូតដល់ ៣០ លាននាក់នៅឆ្នាំក្រោយ និងការប្រញាប់ដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនូវការលើកលែងទិដ្ឋាការចូលប្រទេសថៃ គឺមានបង្កប់របៀបវារៈដ៏ស៊ីជម្រៅបន្ថែមទៀត – នោះគឺការសម្រួលដល់ការផ្ទេរលុយដ៏ច្រើនសន្ធឹកសន្ធាប់ចេញពីប្រទេសចិនដីគោក។ ភាពទាក់ទាញនៃវិស័យទេសចរណ៍ និងការលើកលែងទិដ្ឋាការចូលប្រទេសថៃ គ្រាន់តែរូបភាពខាងក្រៅបិទបាំងចេតនាពិតនៅពីក្រោយឆាកនយោបាយប៉ុណ្ណោះ។
គំរូហុងកុង ជាប្លង់មេសម្រាប់ប្រទេសថៃ
និន្នាការនៃវិនិយោគិនចិនដែលស្វែងរកជម្រកហិរញ្ញវត្ថុជំនួស (Safe Haven) ដំបូងបានចាប់ផ្តើមនៅទីក្រុងហុងកុង។ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កាសែត South China Morning Post (SCMP) បានរាយការណ៍ពីលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគហុងកុង ចូលទៅទិញ អចលនទ្រព្យដែលមានតម្លៃសមរម្យនៅក្នុងប្រទេសថៃ។ ការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងការអំពាវនាវកាន់តែខ្លាំងឡើងរបស់ប្រទេសថៃចំពោះពលករ និងអ្នកវិនិយោគបរទេស ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យ។
និន្នាការស្របគ្នានៅហុងកុង និងថៃ៖ ហុងកុង មេដែកហិរញ្ញវត្ថុសម្រាប់ជនជាតិចិនដីគោក
រឿងដែលកាសែតល្បីរបស់ចិន SCMP ប្រកាសអំពីការមានវិនិយោគិនហុងកុង សម្រុកទៅទិញអចលនទ្រព្យនៅថៃកាលពីពីរខែមុន ក៏ជារឿងដដែល ដែលហុងកុងទើបនឹងបានប្រកាសថា មានវិនិយោគិនចិនដីគោកសម្រុកទៅទិញអចលនទ្រព្យនៅហុងកុង កាលពីកំឡុងត្រីមាសទីមួយឆ្នាំនេះ រហូតដល់នាំឱ្យមានការកើនឡើងតម្លៃអចលនទ្រព្យគួរឱ្យកត់សម្គាល់ប្រមាណ ២១ភាគរយ នៅក្នុងបុព្វលាភអាជីវកម្មថ្មីពីភ្ញៀវចិនដីគោក ដែលមានតម្លៃសរុបមានចំនួន ៣១,៩ពាន់លានដុល្លារហុងកុង ដែលជំរុញដោយការទិញធានារ៉ាប់រងរបស់ពួកគេនៅក្នុងទីក្រុងហុងកុង។ ថែមពីលើនេះ ជនជាតិចិនដីគោកបានងាកទៅរកជម្រកហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ដោយសារធនាគារហុងកុងផ្តល់អត្រាការប្រាក់ខ្ពស់ សន្តិសុខហិរញ្ញវត្ថុ និងអារម្មណ៍នៃស្ថិរភាពនឹងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងកើនឡើង។
លោកស្រី Sindy ភ្នាក់ងារធានារ៉ាប់រងហុងកុងដែលមានបទពិសោធន៍ជាងមួយទសវត្សរ៍ កត់សម្គាល់ថា “ភាពទន់ខ្សោយសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតពីចិនដីគោក និងការក្តាប់តឹងរឹងរបស់ទីក្រុងប៉េកាំងលើទីផ្សារ បានធ្វើឱ្យអ្នកស្រុកចិនមានអារម្មណ៍ថា មិនស្ថិតស្ថេរ មិនមានសុវត្ថិភាព និងអសន្តិសុខ”។ (នាងបានស្នើសុំមិនបញ្ចេញឈ្មោះពិតដោយសារតែភាពរសើបនៃប្រធានបទ។)
ទំនិញហិរញ្ញវត្ថុ (Financial Commodity)៖ ទំនុកចិត្តក្នុងទម្រង់ជាការធានារ៉ាប់រង
ស្ថាប័នហិរញ្ញវត្ថុរបស់ហុងកុងបានបង្កើតទំនិញហិរញ្ញវត្ថុផ្អែកលើទំនុកចិត្ត ជាចម្បងក្នុងទម្រង់ជាការធានារ៉ាប់រង។ យន្តការនេះបានធានាដល់អ្នកវិនិយោគចិនដីគោកថា ប្រាក់បញ្ញើរបស់ពួកគេនៅក្នុងប្រព័ន្ធធនាគាររបស់ហុងកុងមានសុវត្ថិភាព។ ធនាគាររបស់ហុងកុងបានផ្តល់អត្រាការប្រាក់ខ្ពស់ជាងសមភាគីចិនដីគោក ដែលវាបានទាក់ទាញអ្នកវិនិយោគចិនបន្ថែមទៀត។
លោកស្រី Sindy បានពន្យល់ថា “អតិថិជនចិនដីគោក បានរៀបចំបង្កើតកុង(គណនី)ធនាគារហុងកុងរួច តាំងពីមុនពេលជំងឺរាតត្បាតផ្ទុះឡើងខ្លាំងម្ល៉េះ។ ភាគច្រើនក៏បានទិញ ធានារ៉ាប់រងក្នុងស្រុកផងដែរ ដោយសារពួកគេត្រូវការគណនីសម្រាប់ការបង់ប្រាក់ទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតនៅពីក្រោយការបើកគណនីនេះ គឺដើម្បីរំលែកទ្រព្យសម្បត្តិទៅក្រៅស្រុក និងបង្កើនអារម្មណ៍សុវត្ថិភាពរបស់ពួកគេ។”
ធនាគារហុងកុងបច្ចុប្បន្នផ្តល់អត្រាការប្រាក់ប្រហែល ៤ ភាគរយសម្រាប់ការដាក់ប្រាក់ដុល្លារហុងកុង ដែលលើសពីអត្រារបស់ធនគាររបស់ប្រទេសចិនដីគោក ដែលផ្តល់អត្រាការប្រាក់តិចជាង ៣ ភាគរយ នេះបើយោងតាម Hong Kong free press។
ការចម្លងសេណារីយ៉ូហុងកុងនៅក្នុងប្រទេសថៃ៖ ឥឡូវនេះប្រទេសថៃកំពុងចម្លងសក្ដានុពលទាំងនេះ ដោយទទួលស្គាល់សក្តានុពលរបស់ខ្លួន។ នាយករដ្ឋមន្ត្រីថៃលោក ស្រេថា ថាវីស៊ីន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិនប្រមាណ ៣០០នាក់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាប់ផ្តើមដាក់ចេញកម្មវិធីកម្មវិធីចូលប្រទេសដោយលើកលែងទិដ្ឋាការ ក្នុងនោះមានរហូតដល់មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល បានទៅស្វាគមន៍ដំណើរមកដល់របស់ទេសចរចិនដល់ព្រលានយន្តហោះសុវណ្ណភូមិទៀតផង។ លើសពីនេះ នៅក្នុងឱកាសនោះ មានរហូតដល់លោកនាយករដ្ឋមន្ត្រីថៃជូនកាដូអនុស្សាវរីយ៍ ព្រមទាំងមានសម្តែងរបាំប្រពៃណីបុរាណជូនថែមទៀតផង។ តើភ្ញៀវទេសចរចិនទាំងនេះ ជានរណាទៅ ទើបបានជារដ្ឋាភិបាលថៃយកចិត្តទុកដាក់ខ្លាំងដូច្នេះ?
លោក ស្រេថា បានប្រាប់អ្នកយកព័ត៌មាននៅក្នុងឱកាសនោះថា៖ “យើងមានទំនុកចិត្តថាគោលនយោបាយនេះនឹងជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង។” លោកថា រដ្ឋាភិបាលគ្រោងនឹងផ្សព្វផ្សាយទីក្រុងតូចៗរបស់ប្រទេសថៃជាគោលដៅសម្រាប់ភ្ញៀវទេសចរចិន ដើម្បីជំរុញឱ្យពួកគេស្នាក់នៅយូរនិងចំណាយច្រើន។
ចំណែកលោក Chai Wacharonke អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសថៃបានទទួលភ្ញៀវអន្តរជាតិចំនួន ១៥លាននាក់ក្នុងរយៈពេលប្រាំពីរខែដំបូង។ លោកបាននិយាយថា រដ្ឋាភិបាលថៃមានបំណងទាក់ទាញភ្ញៀវទេសចរចំនួន ២៨លាននាក់ និងបង្កើតប្រាក់ចំណូលចំនួន ១,៤ពាន់ពាន់លានបាត (៣៩,២ ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២៣។
នេះជាតួលេខអំពីផលប្រយោជន៍ទេសចរចិនទៅលើសេដ្ឋកិច្ចថៃ ប៉ុន្តែអ្នកវិភាគខ្លះបានលើកឡើងថា លើសពីវិស័យទេសចរណ៍ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃមានភាពរស់រវើកឡើងវិញ ដោយសម្របសម្រួលការផ្ទេរទ្រព្យសម្បត្តិចិនពីចិនដីគោកទៅកាន់ស្ថាប័នហិរញ្ញវត្ថុថៃ តាមរបៀបនៃភាពជោគជ័យរបស់ហុងកុងក្នុងការទាក់ទាញលំហូរប្រាក់របស់ជនជាតិចិនដីគោកដែលស្វែងរកកន្លែងទុកដាក់ហិរញ្ញវត្ថុនឹងធឹងនៅក្រៅប្រទេស។ ចំណុចសំខាន់ គឺការបង្កើតប្រព័ន្ធហិរញ្ញវត្ថុដែលវិនិយោគិនពីចិនដីគោកទុកចិត្ត និងសម្រួលដល់លំហូរចេញនៃទ្រព្យសម្បត្តិរបស់ពួកគេ។
ចំពោះបញ្ហាដដែលនេះ ធ្លាប់កើតឡើងចំពោះខេត្តព្រះសីហនុរបស់កម្ពុជាកាលពីពេលមុនវិបត្តិសាកល តែអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនមើលឃើញថា កាលណោះ កម្ពុជាហាក់នៅមិនទាន់បានរៀបចំប្រព័ន្ធធានាហិរញ្ញវត្ថុអន្តរជាតិនឹងធឹង ដែលអាចធានាលំហូរហិរញ្ញវត្ថុពីចិនមកកម្ពុជាប្រកបដោយស្ថិរភាព និងទំនុកចិត្តបាន ម្ល៉ោះហើយទើបធ្វើឱ្យចិនងាកទៅរកប្រទេសថៃវិញ៕