(សៀមរាប)៖ ជើងហោះហើរពាណិជ្ជកម្មដំបូង ដែលហោះពីប្រទេសថៃតាមជើងហោះហើរ បាងកកអ៊ែរ បានមកដល់អាកាសយានដ្ឋានសៀមរាប-អង្គរ នៅម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៦ តុលា ស្របពេលនៃការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានថ្មីនេះ។
រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ជើងហោះហើរពាណិជ្ជកម្មដំបូងគេមកពីប្រទេសថៃ បានចុះចតនៅព្រលានយន្តហោះថ្មីនៅវេលាម៉ោង ៨និង៥០នាទី ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត។
តាមការបញ្ជាក់ពីលោក ម៉ៅ ហាវណ្ណាល់ កម្មវិធីហោះហើរអាកាសយានដ្ឋានថ្មីនេះ នឹងមានជើងហោះហើរ១៧ ឬស្មើនឹង៣៤ជើងនៃការហោះហើរចេញចូល។ អាកាសយាននេះ គ្រោងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។
អាកាសយានថ្មីនេះ ត្រូវបានសាងសង់ទាន់ពេលវេលា ក្រោមទុនវិនិយោគ ១១០០លានដុល្លារអាម៉េរិក។ អាកាសយានដ្ឋាននេះ មានលទ្ធភាពទទួលចតអាកាសយានចំនួន៣៨ចំណត និងទទួលអ្នកដំណើរ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ។ ក្នុងនោះ អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១ម៉ឺនតោនក្នុងឆ្នាំ ២០២៤ និង២៦ម៉ឺនតោន ក្នុងឆ្នាំ២០៤០។ នេះជាការលើកឡើងរបស់លោក ម៉ៅ ហាវណ្ណាល់ ក្នុងពិធីដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅព្រឹកថ្ងៃទី១៦ ខែតុលា។
លោក វង្សី វិស្សុត បានចាត់ទុកព្រលានយន្តហោះថ្មីនេះ ថាជាទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា ខណៈនេះជាព្រលានខ្នាតធំដំបូងគេរបស់កម្ពុជា។ លោកក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសរំលឹកដល់សម្ដេច សុខ អាន ដែលប្រឹងប្រែង និងត្រួសត្រាយផ្លូវ ធ្វើឱ្យព្រលានថ្មីនេះកើតមានឡើងនៅលើទឹកដីខេត្តសៀមរាប។
តាមការបញ្ជាក់ពីលោករដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី អាកាសយានដ្ឋានឬព្រលានយន្តហោះសៀមរាប-អង្គរ ជាការព្រលានខ្នាតធំ និងសាងសង់កម្រិត៤E ក្នុងដំណាក់កាលទី១ និងគម្រោងអភិវឌ្ឍសង់ក្នុងគម្រិត៤F ក្នុងដំណាក់កាលទី២។ ព្រលាននេះ ត្រូវបានសង់លើផ្ទៃដី ៧០០ហិកតា ស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាន ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប៕