
មូលហេតុចម្បងដែលនាំឱ្យតម្លៃទំនិញនៅតែកើនខ្ពស់ ដោយសារតែផលិតកម្មក្នុងស្រុកចុះខ្សោយ ផលិតផលនាំចូលជាច្រើន និងការធ្លាក់ចុះនៃប្រាក់គីបធៀបនឹងរូបិយប័ណ្ណបរទេសផ្សេងទៀតដូចជាប្រាក់ដុល្លារ។
សន្ទស្សន៍អតិផរណានៅខែកញ្ញារបស់ឡាវបានធ្លាក់មកនូវអត្រា ២៥,៧ភាគរយដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១២ខែកន្លងមក និងធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់បំផុតនៃ ៤១,២៦ភាគរយកាលពីខែកុម្ភៈ ប៉ុន្តែទំនិញជាច្រើននៅតែមានតម្លៃខ្ពស់។ នេះបើយោងតាមមជ្ឈមណ្ឌលស្ថិតិជាតិឡាវ ។
ក្រុមផលិតផលដែលកត់ត្រាកម្រិតអតិផរណាខ្ពស់រួមមាន វិស័យភោជនីយដ្ឋាន និងសណ្ឋាគារដែលបានកើន ៣៤,៤ភាគរយ ខណៈកាត់ដេរ និងស្បែកជើងកើនឡើង ២៩,៧ភាគរយ ។ ទន្ទឹមនេះ ក្រុមអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលកើន ២៩,៤ភាគរយ ក្រុមគ្រឿងប្រើប្រាស់ក្នុងផ្ទះកើន ២៤,៣ភាគរយ គ្រឿងស្រវឹង និងថ្នាំជក់កើន ២៣,៤ភាគរយ។ ចំណែកក្រុមថែទាំសុខភាព និងឱសថបានកើន ២១,១ភាគរយ ហើយការដឹកជញ្ជូនបានកើន ២០,៧ភាគរយ។
បើប្រៀបធៀបទៅនឹងខែសីហា ក្រុមទំនិញប្រើប្រាស់បានកត់ត្រាការកើនឡើងជាមធ្យម ៣,៥ភាគរយ ដែលក្រុមដឹកជញ្ជូនកើន ៥,៦ភាគរយ ការអប់រំកើន ៥,៩ភាគរយ និងក្រុមថែទាំសុខភាពកើនឡើង ៤,៨ភាគរយ។
មូលហេតុចម្បងដែលនាំឱ្យតម្លៃទំនិញនៅតែឡើងខ្ពស់គឺដោយសារតែផលិតកម្មក្នុងស្រុកចុះខ្សោយ ទំនិញនាំចូលច្រើន និងតម្លៃប្រាក់គីបធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណបរទេសផ្សេងទៀតដូចជាដុល្លារ និងប្រាក់បាតជាដើម។
ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏លំបាក កាលពីខែកញ្ញានាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផានដន បានស្នើនូវដំណោះស្រាយក្នុងការដោះស្រាយបញ្ហាអតិផរណា អត្រាប្តូរប្រាក់ តម្លៃទំនិញ ជាពិសេសការបន្តអនុវត្តវិធានការអន្តរាគមន៍តម្លៃសម្រាប់តម្រូវការចាំបាច់ និងការគ្រប់គ្រងអត្រាប្តូរប្រាក់។
បើតាមលោក សុនសៃ ស៊ីផានដន ឡាវត្រូវបន្តលើកកម្ពស់តួនាទីវិស័យធនាគារ ដាក់ពង្រាយវិធានការដើម្បីអនុវត្តគោលនយោបាយឥណទានដើម្បីជំរុញផលិតកម្ម និងស្នើឱ្យក្រសួងបន្តជំរុញ និងត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងវិនិយោគបរទេសដែលមានអាជ្ញាប័ណ្ណ បង្កើតចំណូលរូបិយប័ណ្ណបរទេសសម្រាប់ថវិការដ្ឋ ផ្សព្វផ្សាយគម្រោងបើកគណនីទូទាត់តាមប្រព័ន្ធធនាគារជាដើម៕