ក្រុមហ៊ុន CMEC ដែលជាក្រុមហ៊ុនធំមួយប្រទេសចិន បានប្រកាសវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣ ពាន់លានដុល្លារលើវិស័យថាមពលហ្គាស។ នេះបើតាមការលើកឡើងពីលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
នៅក្នុងជំនួបនេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានជម្រាបជូនសម្តេចធិបតីថា ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។
លោកក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីកម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា ។
ជាមួយគ្នានេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយក្រុមហ៊ុននេះបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា៕