រយៈពេល ២ សប្តាហ៍ បន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ដែលបានបណ្តាលឱ្យទេសចរចិនម្នាក់បានស្លាប់ក្នុងចំណោមអ្នកស្លាប់ ៣ នាក់ និងរបួស ៤ នាក់ ភ្ញៀវទេសចរចិនបានធ្លាក់ចុះប្រមាណ ៦ ម៉ឺននាក់។
យោងតាមការផ្សាយរបស់បាងកកប៉ុស្តិ៍នៅថ្ងៃទី១៧ខែតុលានេះ ភ្ញៀវទេសចរប្រហែល៦០០០០នាក់ពីប្រទេសចិនបានលុបចោលដំណើរកម្សាន្តទៅកន់ប្រទេសថៃ បន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើប Siam Paragonដ៏កក្រើកទីក្រុងបាងកក និងការរីកសាយព័ត៌មានដ៏ឆាប់រហ័សកាលពីថ្ងៃទី៣ខែតុលា។ ការបាញ់ប្រហារនោះ កើតឡើងតែជាង១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលថៃដាក់ឱ្យអនុវត្តកម្មវិធីទាក់ទាញទេសចរចិននិងកាហ្សាក់ស្ថាន តាមរយៈការលើកលេងទិដ្ឋាការរយៈពេលវែង។
បាងកកប៉ុស្តិ៍ បានឱ្យដឹងថា ទិន្នន័យអាកាសយានដ្ឋានរបស់ថៃបង្ហាញថា ភ្ញៀវទេសចរចិនមកដល់បានធ្លាក់ចុះ ៩,២ភាគរយ ពី៦៥០០០០ នាក់ ដល់ ៥៩០០០០ បន្ទាប់ពីឧបទ្ទវហេតុ។
ចិនជាទីផ្សារបរទេសធំបំផុតរបស់ប្រទេសថៃ មុនការរីករាលជំងឺកូវីដ១៩ ដែលមានប្រមាណ១១លាននាក់ក្នុងឆ្នាំ២០១៩។
សារព័ត៌មាន បាងកកប៉ុស្តិ៍ក៏បានផ្សាយថា សហគ្រិនក្នុងសេវាស្នាក់នៅ និងទេសចរណ៍ ក្នុងខេត្តឈៀងម៉ៃ បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងអាវុធ ដើម្បីធានា សុវត្ថិភាព សម្រាប់ទេសចរ បន្ទាប់ពីឧបទ្ទវតហេតុនៃការបាញ់នៅក្នុងផ្សារទំនើប កាលពីថ្ងៃទី៣ខែតុលា។
បាងកកប៉ុស្តិ៍ បានដកស្រង់សម្តី អាជ្ញាធរទេសចរណ៍ថៃ ប្រចាំតំបន់ភាគខាងជើង ដោយបាននិយាយថា ការលើកលែងទិដ្ឋាការ ដែលដាក់ចេញដោយរដ្ឋាភិបាល និងមានរហូតដល់ខែកុម្ភៈឆ្នាំបន្ទាប់ ដែលមានពេញរដូវកំណើនទេសចរខ្ពស់ កំពុងទាក់ទាញទេសចរបន្ថែមទៀតពីចិន និងកាហ្សាក់ស្ថាន។
យោងតាមទិន្នន័យ ចំនួនសរុបនៃទេសចរចិនទស្សនាប្រទេសថៃ ប្រហែល៤,២លាននាក់ សម្រាប់ឆ្នាំ២០២៣។
អំឡុងពេលត្រីមាសទី៣ ទេសចរចិនប្រហែល១,៨លាននាក់ ដែលស្នាក់នៅជាមធ្យម៤ទៅ១០ថ្ងៃ ក្នុងដំណើរកម្សាន្តមួយលើក ហើយ ចំណាយប្រាក់ចន្លោះ ៣ម៉ឺនទៅ១០ម៉ឺនបាតក្នុងម្នាក់៕