Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា នាំចេញផលិតផលសម្លៀកបំពាក់ តម្លៃជាង ៨ ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៧%

Admin Alynana | Oct 18, 2023
កម្ពុជា នាំចេញផលិតផលសម្លៀកបំពាក់ តម្លៃជាង ៨ ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៧%
Clinic narith

នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបមានតម្លៃប្រមាណជាង៨ពាន់លានដុល្លារ មានការធ្លាក់ចុះជាង១៧% ប្រសិនបើធៀបទៅនឹងរយៈពេល ៩ខែ ដូចគ្នា ឆ្នាំ២០២២ កន្លងទៅ។ 

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨ ខែតុលា នេះថា ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបរយៈពេល៩ខែ ដើមឆ្នាំ២០២៣នេះ មានតម្លៃសរុបប្រមាណ ៨,៣ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ ១៧,៦% បើធៀបទៅនឹង៩ខែដូចគ្នាឆ្នាំ២០២២ ដែលការនាំចេញមានតម្លៃប្រមាណ ១០,១ ពាន់លានដុល្លារ។ 

លោកបានបន្តថា ប្រទេសដែលនាំចេញច្រើនជាងគេរួមមាន អាម៉េរិក ដែលមានតម្លៃនាំចេញសរុប ៣,២ពាន់លានដុល្លារ។ បន្ទាប់មកទ្វីប អឺរ៉ុបដែលមាន២៧ប្រទេស មានតម្លៃនាំចេញសរុប ២,៣ពាន់លានដុល្លារ និងជប៉ុន មានតម្លៃនាំចេញសរុប ៦៩៣លានដុល្លារ។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ រោងចក្រសហគ្រាសនៅកម្ពុជា បានកើនឡើងដល់ចំនួន ១៧ ២៥១ និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១.៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ៨៤ម៉ឺន នាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ពាន់លានដុល្លារ៕