ត្បូងឃ្មុំ៖ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានធ្វើការកម្ទេចចោលនូវ ពងមាន់ ខូចគុណភាពជាង៣ម៉ឺនគ្រាប់ នៅទីតាំងដីឡូតិ៍មួយកន្លែងក្នុងខេត្តត្បូងឃ្មុំ។
មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចូលរួមសហការជាមួយ សាខាគយ និងរដ្ឋាករខេត្ត ធ្វើការកម្ទេចចោលនូវ ពងមាន់ ខូចគុណភាព ប្រមាណ ៣២ ០០០ គ្រាប់ នៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិស្រះទឹក ឃុំកោងកាង ស្រុកពណ្ញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។
ពងមាន់ខូចគុណភាពទាំងនោះ ត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធប្រចាំតំបន់៦ នៃសាខាគយ និងរដ្ឋាករខេត្ត ស្ទាក់ចាប់បានដែលឈ្មួញទុច្ចរិតបានលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង។
មន្ត្រីជំនាញ ក.ប.ប. បញ្ជាក់ថា ដើម្បីចៀសវាងកុំឱ្យមានការចរាចរចូលទីផ្សារជាយថាហេតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព មន្ត្រីជំនាញបានឯកភាពចាត់វិធានការកម្ទេចចោលតាមនីតិវិធី៕