ភ្នំពេញៈ ការនាំទំនិញចេញ-ចូលរវាងកម្ពុជា-អាល្លឺម៉ង់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជិត ៧៧៩ លានដុល្លារ ថយជិត ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះការនាំចេញរបស់កម្ពុជាធ្លាក់ចុះជាង ១/៤ ដង។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ GDCE ឱ្យដឹងថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់ មានទឹកប្រាក់សរុប ៧៧៨,៦៧ លានដុល្លារ ថយចុះ ១៧,៧ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគី គឺស្មើ ២,២១ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជារយៈពេល ៩ ខែ ឆ្នាំ ២០២៣ ដែលមាន ៣៥,១៦ ពាន់លានដុល្លារ។ អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំទី ៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន និងឥណ្ឌូនេស៊ី។
សម្រាប់ចំនួនទឹកប្រាក់ខាងលើ គឺកម្ពុជានាំទៅអាល្លឺម៉ង់ ៦១៩,៦៤ លានដុល្លារ ថយចុះ ២៥,២ ភាគរយ រីឯអាល្លឺម៉ង់ នាំចូលចំនួន ១៥៩,០៣ លានដុល្លារ កើន ៣៥,៤ ភាគរយ។ យោងតាមតួលេខគឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ៤៦០,៦១ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែតុលាថា ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ ពិសេសការនាំចេញរបស់កម្ពុជា គឺដោយសារតែសេដ្ឋកិច្ចពិភពលោកជួបបញ្ហាដែលជំរុញឱ្យការបញ្ជាទិញទំនិញពីប្រទេសអាល្លឺម៉ង់ធ្លាក់ចុះ។ ការធ្លាក់ចុះនេះមិនទាក់ទងនឹងគុណភាព និងសមត្ថភាពផលិតផលនៅកម្ពុជាឡើយ។
លោកអះអាងថា៖ «ការធ្លាក់ចុះទំហំពាណិជ្ជកម្មគឺទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដូច្នេះនៅពេលកំណើនសេដ្ឋកិច្ចពិភពលោករឹងមាំវិញ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ ប្រាកដជាកើនឡើងដែរ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ក៏មានភាពល្អប្រសើរដែរ»។
ក្នុងជំនួបជាមួយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៦ ខែតុលា លោក Jan Cernicky ប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងនវានុវត្តន៍ នៃការិយាល័យ Konrad Adenauer Stiftung (KAS) ប្រទេសអាល្លឺម៉ង់ បានលើកឡើងពីចំណាប់អារម្មណ៍របស់សភាពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណងចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។
ជាការឆ្លើយតប លោកស្រី តឹករ៉េត កំរង បានបង្ហាញការស្វាគមន៍ និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់៕