គ្រោះរាំងស្ងួត និងកត្តាអាកាសធាតុអាក្រក់នៅតំបន់អាម៉ាហ្សូន ក្នុងប្រទេសប្រេស៊ីលបានបណ្តាលឱ្យផ្សោតប្រមាណ ១០ ភាគរយ បានងាប់ក្នុងរយៈពេល ១ សប្តាហ៍ក្នុងបឹងដ៏ស្រស់ស្អាត។ នេះបើយោងតាមអ្នកស្រាវជ្រាវដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP។
ក្រុមសង្គ្រោះបន្ទាន់បានរកឃើញសត្វផ្សោតចំនួន ១៥៣ ក្បាល បានងាប់នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា នៅក្នុងបឹង Tefe ដែលសីតុណ្ហភាពទឹកបានឡើងដល់ ៣៩,១ អង្សាសេ លើសពី ៧ អង្សាសេខ្ពស់ជាងអតិបរមាធម្មតា។ នេះបើយោងតាមវិទ្យាស្ថាន Mamirau សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IDSM) និងក្រុមបរិស្ថាន WWF ប្រចាំប្រទេសប្រេស៊ីល។
បឹង Tefe ស្ថិតនៅក្នុងរដ្ឋ Amazonas ភាគខាងជើងដែលរងគ្រោះដោយគ្រោះរាំងស្ងួត នៅចំណុចដែលទន្លេ Tefe ហូរចូលទៅក្នុង Amazon ក្នុងបេះដូងនៃព្រៃទឹកភ្លៀងដ៏ធំបំផុតរបស់ពិភពលោក។
ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា សត្វផ្សោតពណ៌ផ្កាឈូកចំនួន ១៣០ ក្បាល និងសត្វផ្សោត tucuxi ចំនួន ២៣ ក្បាល ត្រូវបានសម្លាប់ដោយកត្តាអាកាសធាតុ។ ផ្សោតទាំង ២ ប្រភេទនេះត្រូវបានចុះបញ្ជីជាប្រភេទសត្វដែលមានចំនួនប្រជាករធ្លាក់ចុះ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។ ពួកគេបាននិយាយថា ចំនួនត្រីដ៏ច្រើនក៏បានងាប់ដែរ។
លោក Mariana Paschoalini Frias អ្នកឯកទេសអភិរក្សនៅ WWF ប្រចាំប្រទេសប្រេស៊ីលបាននិយាយថា៖ «អ្វីដែលកំពុងកើតឡើងនៅបឹង Tefe គឺគួរឱ្យភ្ញាក់ផ្អើល។ ផលប៉ះពាល់នៃការបាត់បង់សត្វទាំងនេះ គឺធំធេងណាស់ ហើយប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងស្រុកទាំងមូល។ ផ្សោតត្រូវបានគេចាត់ទុកថា ជា «អ្នកផ្តល់សញ្ញា។ ពួកគេ គឺជាសូចនាករនៃសុខភាពនៃបរិស្ថាន»៕