សហរដ្ឋអាម៉េរិក៖ បើផ្អែកតាមរបាយការណ៍ចេញផ្សាយប្រចាំឆ្នំាមួយរបស់មន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិកស្តីពីកិច្ចការយោធារបស់រដ្ឋការទីក្រុងប៉េកំាងបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចប្រតិបត្តិការបានច្រើនជាង៥០០ក្បាលគ្រាប់នៅក្នុងឃ្លំាងស្តុកអាវុធរបស់ខ្លួន ហើយឃ្លំាងស្តុកនេះសោតទៀតអាចនឹងមានគ្រាប់គ្រាប់នុយក្លេអ៊ែរកើនឡើងដល់ចំនួន១,០០០ក្បាលគ្រាប់នៅដើមឆ្នំា២០៣០ខាងមុខ។
នៅក្នុងរបាយការណ៍ប្រចំាឆ្នំាដដែលនោះ បានលើកឡើងបន្តទៀតថា បើទោះបីជាមានការកើនឡើងនូវចំនួនអាវុធបរមាណូ(នុយក្លេអ៊ែរ)របស់ប្រទេសចិនក្តី ប៉ុន្តែប្រសិទ្ធភាពនិងគុណភាពនៃអាវុធទំាងអស់នោះនៅមានកំរិតទាបជាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក។
ដោយយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រវិញ បានឱ្យដឹងដែរថា សហរដ្ឋអាម៉េរិកមានឃ្លំាងស្តុកអាវុធ ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា ៣,៧០០គ្រាប់ នៅក្នុងចំណោមក្បាលគ្រាប់ទំាងអស់នោះ មានក្បាលគ្រាប់បរមាណូបែបយុទ្ធសាស្រ្តប្រមាណជា ១,៤១៩ក្បាលគ្រាប់ដែលបានដាក់ពង្រាយរួចហើយ។ ចំណែកឯប្រទេសរុស្ស៊ីវិញ មានក្បាលគ្រាប់បរមាណូចំនួន១,៥៥០គ្រាប់ដែលបានដាក់ពង្រាយ នេះបើតាមការបង្ហាញឱ្យដឹងពីសហព័ន្ធអ្នកវិទ្យាសាស្រ្តសហរដ្ឋអាម៉េរិកដោយបានគូសបញ្ជាក់បន្ថែមទៀតថា ជារួមប្រទេសរុស្ស៊ីអាចនឹងមានក្បាលគ្រាប់បំពាក់ដោយអាវុធបរមាណូប្រមាណជា៤,៤៨៩ក្បាលគ្រាប់។
នៅក្នុងរបាយការណ៍ដដែលនោះ មន្ទីរបញ្ចកោណបានរំលេចបន្តទៀតថា គិតពីត្រឹមខែឧសភា ឆ្នំា២០២៣នេះ ប្រទេសចិនមានក្បាលគ្រាប់បរមាណូច្រើនជាង៥០០គ្រាប់រួចទៅហើយ ខណៈដែលរបាយការណ៍លើកមុនគេរកឃើញត្រឹមតែ៤០០ក្បាលគ្រាប់បរមាណូប៉ុណ្ណោះ កាលពីចន្លោះឆ្នំា២០២១។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មន្ត្រីជាន់ខ្ពស់មួយរូបបានថ្លែងប្រាប់ក្រុមអ្នកកាសែតបែបប្រយ័ត្នប្រយែងនិងខ្លីថា យើងមើលឃើញថា សាធារណរដ្ឋប្រជាមានិតចិននៅតែបន្តធ្វើទំនើបកម្មបែបស្ងាត់ៗ រួមទំាងពង្រឹងនូវកម្លំាងអាវុធបរមាណូរបស់ខ្លួន ប្រើប្រៀបជាមួយនឹងសហរដ្ឋអាម៉េរិកវិញ រឿងនេះយើងកំពុងបន្តធ្វើតំាងតែពី១ទសវត្សរ៍កន្លងមកហើយ។
ក្នុងរបាយការណ៍ដដែលបានបន្ថែមទៀតថា កងយោធាជើងទឹកចិនមាននាវាធម្មតា និងប្រភេទនាវាមុជទឹកច្រើនជាង ៣៧០គ្រឿង ដែលកាលពីឆ្នំាមុនមានត្រឹមតែ៣៤០គ្រឿងប៉ុណ្ណោះ។
គួររំលឹកដែរថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិកមានសភាពតានតឹង ដែលគេមើលឃើញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ពិភពលោកទំាងពីរនេះហាក់មានការប្រេះឆារ ដោយផ្តើមចេញពីរឿងរ៉ាវពាក់ព័ន្ធនឹងកោះតៃវ៉ាន់ បញ្ហាកំណត់ត្រាសិទ្ធិមនុស្ស និងសកម្មភាពយោធាចិននៅក្នុងតំបន់មហាសាគរចិនភាគខាងត្បូងផងដែរ៕
ប្រភព៖ Reuters