សៀមរាបគឺជាខេត្ដមួយដែលមានសក្ដានុពលខ្លាំងដោយសារជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេសទី៣ នៃព្រះរាជាណាចក្រកម្ពុជា។ បើក្រឡេកមកមើលវិស័យអចលនទ្រព្យវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ដសៀមរាបក៏មានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ដែរ ព្រោះតែមានការអភិវឌ្ឍគម្រោងធំៗជាច្រើនដូចជា ផ្លូវថ្នល់ ព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ ទីក្រុងវៃឆ្លាត (Smart City) និងហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀត។
តាមការលើកឡើងពីលោក ព្រឿន ថាត នាយកប្រតិបត្តិក្រុមហ៊ុន OPI Realty បានលើកឡើងថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅខេត្ដសៀមរាបគឺមានទីផ្សារធំសម្រាប់អ្នកទិញ ដោយសារមានការដាក់លក់អចលនទ្រព្យច្រើន មិនខុសពីខេត្ដ-ក្រុងដទៃឡើយ ដោយក្នុងនោះរួមមាន៖ ប្រភេទលំនៅឋាន អគារ និងដីធ្លីជាដើម។ ហេតុដូច្នេះហើយបានធ្វើឲ្យទីផ្សារអចលនទ្រព្យនៅសៀមរាបពេលនេះក្លាយទៅជាទីផ្សារដ៏ធំសម្រាប់អ្នកទិញ ឬអ្នកវិនិយោគ ព្រោះពួកគាត់មានឱកាសចរចា និងជ្រើសរើសអចលនទ្រព្យដែលល្អៗបាន។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា “សម្រាប់អចលទ្រព្យដែលដាក់លក់ភាគច្រើន ប្រភេទលំនៅឋាន ឬក៏ដីលំនៅឋានរបស់ប្រជាជនដែលនៅក្នុងខេត្ដមានដូចជាទីតាំងផ្ទះអាជីវកម្ម ផ្ទះល្វែង ដីអាជីវកម្ម ឬដីលំនៅឋានផ្សេងៗ ហើយគាត់ដាក់លក់ដោយសារតែគាត់ត្រូវការប្រើប្រាស់សាច់ប្រាក់”។
លោកបន្ដថា ប្រភេទអចលនទ្រព្យដែលមានការដាក់លក់ច្រើនគឺដី និងលំនៅឋាន ខណៈប្រភេទអចលនទ្រព្យក្នុងវិស័យទេសចរណ៍ក៏មានមួយចំនួនដែរ ដូច្នេះអ្នកទិញ ឬអ្នកវិនិយោគគឺមានអំណាចក្នុងការចរចារខ្លាំងសម្រាប់អចលនទ្រព្យដែលដាក់លក់។ ទាក់ទងនឹងទីផ្សារអចលនទ្រព្យនេះដែរ លោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កាលពីពេលថ្មីៗកន្លងទៅក៏បានលើកឡើងដែរថា កាលណាស្ថានភាពទីផ្សារអចលនទ្រព្យមានការដាក់លក់ច្រើនវាជាឱកាសធំសម្រាប់អ្នកវិនិយោគដែលមានធនធានក្នុងការទិញទុក។ ព្រោះនៅពេលមានការដាក់លក់ច្រើននោះ អចលនទ្រព្យតម្លៃទាបៗ នឹងផុសឡើងច្រើនដូចគ្នា ហើយវាជាឱកាសរបស់អ្នកទិញនៅក្នុងការចរចារ មិនថាអចលនទ្រព្យទីតាំងល្អ ឬតម្លៃបែបណានោះទេ។ មួយវិញទៀតគឺមានឱកាសទាញផលចំណេញសម្រាប់រយៈពេលវែង នៅពេលណាដែលសេដ្ឋកិច្ចប្រសើរឡើងវិញនោះតម្លៃអចលនទ្រព្យនឹងកើនឡើងដូចគ្នា៕