Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនចិន ចាប់អារម្មណ៍ កសាងផ្លូវរថភ្លើងក្នុងភ្នំពេញ និងតភ្ជាប់ទៅអាកាសយានដ្ឋានថ្មី

Admin Alynana | Oct 21, 2023
ក្រុមហ៊ុនចិន ចាប់អារម្មណ៍ កសាងផ្លូវរថភ្លើងក្នុងភ្នំពេញ និងតភ្ជាប់ទៅអាកាសយានដ្ឋានថ្មី
Clinic narith

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Guangzhou Metro Group សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន លោក Jianlong Ding ដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងមេត្រូ (Metro) ទំនើបនៅក្នុងទីក្រុង ព្រមទាំងឈ្វេងយល់អំពីការអភិវឌ្ឍ និងដំណើរការគ្រប់គ្រងប្រចាំថ្ងៃរបស់ផ្លូវដែក ពិសេសក្នុងរចនាសម្ព័ន្ធផ្លូវរថភ្លើងដែលមានអ្នកដំណើរយ៉ាងមមាញឹក។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីស្រមៃដែលចង់ឃើញស្ថានីយរថភ្លើងទំនើបបែបឌីជីថលដូចទៅនឹងស្ថានីយរបស់ក្រុមហ៊ុនលេចឡើងក្នុងប្រទេសកម្ពុជា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ពិសេសក្នុងរាជធានីភ្នំពេញ។ ឧបនាយករដ្ឋមន្ត្រី បានឆ្លៀតយកឱកាសជម្រាបជូនក្រុមហ៊ុនអំពីសក្ដានុពលលើកិច្ចការវិនិយោគក្នុងវិស័យផ្លូវដែកនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តខ្ពស់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពក្នុងការបណ្តាក់ទុនកសាងផ្លូវដែក ក្នុងទីក្រុងយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា។ ជាងនេះទៅទៀត ឧបនាយករដ្ឋមន្ត្រី បានស្នើអញ្ជើញលោកប្រធានក្រុមហ៊ុន ចុះទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីសក្តានុពលសេដ្ឋកិច្ចលើកិច្ចការងារវិនិយោគ។

ឆ្លើយតបក្នុងអង្គជំនួបនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍អំពីសក្តានុពលក្នុងការកសាងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ និងការតភ្ជាប់ពីភ្នំពេញទៅកាន់អាកាសយានដ្ឋានថ្មីដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ លោកប្រធានក្រុមហ៊ុន ក៏បានធ្វើការចែករំលែកបទពិសោធន៍របស់លោក អំពីការចូលរួមរៀបចំធ្វើគម្រោងផ្លូវដែកនៅទីក្រុង Guangzhou តាំងពីដំណាក់កាលរៀបគម្រោង រហូតដល់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ក្នុងនោះ លោកប្រធានក្រុមហ៊ុន បានបន្តបង្ហាញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុង បន្ទាប់ពីបានឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធរថភ្លើងមេត្រូ (Metro) នេះ។ លោកបានសង្កត់ធ្ងន់ អំពីកត្តាជោគជ័យរបស់ក្រុមការងារទាំងមូលក្នុងការអភិវឌ្ឍគម្រោងផ្លូវដែកនៅក្នុងទីក្រុង គឺអាស្រ័យទៅលើការសហការរបស់ភាគីពាក់ព័ន្ធ ក្នុងដំណាក់កាលរៀបចំផែនការ។

មុននឹងបញ្ចប់ពិធីសំណេះសំណាល ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីគោលជំហរគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យផ្លូវដែកនៅក្នុងប្រទេស ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា និងជាផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូនសម្រាប់វិនិយោគិនផងដែរ។

គួរបញ្ជាក់ថា ស្ថានីយរថភ្លើង Guangzhou Metro នេះជាស្ថានីយរថភ្លើងមួយ នៅក្នុងប្រទេសចិន ដែលរត់ក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូល៕