(សៀមរាប)៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋានអន្ដរជាតិ សៀមរាប-អង្គរ គឺជាសមិទ្ធផលដ៏អស្ចារ្យ ដែលបានផ្ដល់ផលចំណេញ ដល់វិស័យទេសចរណ៍ នៅប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋ នៅក្នុងខេត្ដសៀមរាប។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហេង សំណាង ដឹកនាំក្រុមយុវជន ចុះទស្សនកិច្ចសិក្សា នៅអាកាសយានដ្ឋានអន្ដរជាតិ សៀមរាប-អង្គរ ស្ថិតនៅក្នុងខេត្ដសៀមរាប នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៣។
លោក ហេង សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលឃើញនូវសមិទ្ធផល ដ៏អស្ចារ្យនូវអាកាសយានដ្ឋានអន្ដរជាតិ សៀមរាប-អង្គរ ដែលបានកើតឡើង នៅលើទឹកដីខេត្ដសៀមរាប»។
បន្ថែមពីនោះទៀត លោក ហេង សំណាង បានគូសបញ្ជាក់ថា សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមានផលចំណេញ ដល់វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្ដសៀមរាប ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ដនេះ ផ្ទាល់តែម្ដង។
ក្នុងនាមប្រធានក្រុមយុវជនសង្គមស៊ីវិល លោកសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ នូវសមិទ្ធិផលថ្មីៗជាច្រើន ដើម្បីឲ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើន លើគ្រប់វិស័យ។
ទន្ទឹមគ្នានេះ ក្រុមយុវជនសង្គមស៊ីវិល ក៏បានបង្ហាញនូវការសាទរ ចំពោះសមិទ្ធផលថ្មី ដែលបានកើតចេញ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និតីកាលទី៦ និងទី៧ ពិសេសសមិទ្ធិផល ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន។
អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។
អាកាសយានដ្ឋានអន្តរជាតិនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរ តាមផ្លូវអាកាសបាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។
អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០,០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦,០០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥,៨០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅ១១២,៧០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕