អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ខាន់ ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការបញ្ចេញការណ៍សម្ងាត់របស់ជាតិ។ លោកធ្លាប់ជាប់ឃុំតាំងពីខែសីហាពាក់ព័ន្ធនឹងអំពើពុករលួយ។ ប៉ុន្តែជាប់ឃុំបានតែប៉ុន្មានសប្ដាហ៍ តុលាការសាលាឧទ្ធរណ៍ក៏សម្រេចព្យួរទោសនេះ។ ដោយឡែក ថ្ងៃនេះលោកត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងថ្មី១ទៀត។
ក្រោយការធ្លាក់ពីតំណែងកាលពីខែមេសា ឆ្នាំ២០២២, លោកខាន់ជាប់បណ្ដឹងជាង១៥០ករណី។ ក្រុមមេធាវីរបស់លោកបង្ហាញអំពីគម្រោងប្ដឹងទាស់ចំពោះចំណាត់ការនេះ។ សូមរំឭកថាកាលពីថ្ងៃទី៥ ខែសីហា តុលាការសាលាដំបូងសម្រេចផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារ៣ឆ្នាំពីបទពុករលួយ ដោយបានលក់ទ្រព្យសម្បត្តិរបស់រដ្ឋដែលលោកទទួលបាននៅពេលកាន់អំណាចកាលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២។
គាត់ត្រូវតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ប៉ុន្តែមេធាវីប្ដឹងទាស់ទៅទៅឧទ្ធរណ៍ ហើយត្រូវឧទ្ធរណ៍សម្រេចព្យួរទោសរបស់លោក។ នៅក្នុងសំណុំរឿងថ្មីនេះ លោកខាន់ត្រូវតុលាការចោទប្រកាន់ពីបទបញ្ចេញឯកសារសម្ងាត់របស់ជាតិដែលជាទោសកំហុសធ្ងន់ធ្ងរ អាចឲ្យលោកជាប់ពន្ធនាគារ១៤ឆ្នាំបើតុលាការរកឃើញថាលោកមានកំហុសដូចការចោទប្រកាន់។
តុលាការចោទប្រកាន់ថាលោកខាន់បានបញ្ចេញជាសាធារណៈនូវសារទាក់ទងគ្នាផ្នែកការទូត។ ចៅក្រមប្រកាសថាលោកខាន់ និងរដ្ឋមន្ត្រីការបរទេសរបស់លោកបានប្រព្រឹត្តល្មើសនឹងច្បាប់រក្សាការណ៍សម្ងាត់របស់ជាតិ។
ពួកគេបានទម្លាយជាសាធារណៈនូវសារសម្ងាត់ដែលឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំទីក្រុងវ៉ាស៊ីនតោនបញ្ជូនទៅឲ្យរដ្ឋាភិបាលប៉ាគីស្ថានកាលពីដើមឆ្នាំ២០២២។ ការបែកធ្លាយរឿងសម្ងាត់នេះហើយដែលជាធ្វើឲ្យលោកខាន់ត្រូវធ្លាក់ពីតំណែង៕