Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់

Media LNN | Oct 24, 2023
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​កម្ម​នៅ​មន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបើកសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ។ ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្តេច​ចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់​អាច​ទៅ​កាន់​មន្ទីរពេទ្យតេជោសន្តិភាព។

សម្តេចធិបតី៖ «បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យ​ធំ​ខ្នាត​អន្តរជាតិ មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែល​នឹង​ទទួល​ផល»​។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» គឺជាការ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​កម្មវិធីគោលនយោបាយអាទិភាពទី១ នៃគោលនយោបាយជាអាទិភាពទាំង ៦ របស់​រដ្ឋាភិបាល​អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺ «ការ​ពង្រីក​វិសាល​ភាព​មូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។

សូមជម្រាបជូនថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយ​ក្រុមហ៊ុន​ ស៊ីជេអ៊ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែ​សរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​មាន​ចំនួន​សរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែ​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​ចំនួន​២០៦​គ្រែ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុប​ចំនួន​៥២៧​គ្រែ,​ អគារព្យាបាលកម្រិតស្រាល (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារ​បច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារ​ស្នាក់​នៅ​សម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួន​ច្បារ​ពណ៌​បៃតង​ទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕