ភាពជាអ្នកដឹកនាំគឺជាកម្លាំងផ្លាស់ប្តូរមួយដែលមានអំណាចដើម្បីបង្កើតការផ្លាស់ប្តូរយូរអង្វែងនៅក្នុងពិភពលោក។ ភាពជាអ្នកដឹកនាំបានដើរតួនាទីលើសពីការចង្អុលបង្ហាញសញ្ញាណប្រពៃណីនៃសិទ្ធិអំណាច និងឋានានុក្រមនៅក្នុងពិភពលោកដែលពោរពេញដោយភាពជឿនលឿន និងអន្តរកម្មយ៉ាងជិតស្និទ្ធក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាការផ្តល់សិទ្ធិដល់បុគ្គលម្នាក់ៗឱ្យស្គាល់សក្តានុពលផ្ទាល់ខ្លួន ប្រើប្រាស់ភាពខ្លាំងរបស់ពួកគេ និងលើកទឹកចិត្តអ្នកដទៃឱ្យចូលរួមជាមួយពួកគេក្នុងការបង្កើតភាពខុសគ្នាដែលវិជ្ជមាន ។
នៅ Singapore (Cambodia) International Academy (SCIA) ភាពជាអ្នកដឹកនាំមិនមែនគ្រាន់តែជាគំនិតមួយប៉ុណ្ណោះទេ តែវាក៏ជាគុណតម្លៃមូលដ្ឋានដែលអាចកំណត់ទ្រង់ទ្រាយការអប់រំ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សានុសិស្ស។
កម្មវិធីភាពជាអ្នកដឹកនាំរបស់សាលា SCIA នឹងផ្តល់ជូនសិស្សនូវជំនាញ ចំណេះដឹង និងផ្នត់គំនិតដែលចាំបាច់ ដើម្បីក្លាយជាភ្នាក់ងារផ្លាស់ប្តូរ។ តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ សិស្សត្រូវបានលើកទឹកចិត្តឱ្យគិតពិចារណា ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព សហការជាមួយអ្នកដទៃ និងចាប់យកឱកាស។ ពួកគេត្រូវបានលើកទឹកចិត្តឱ្យរៀនស្គាល់ពីបញ្ហា បញ្ហាប្រឈមផ្សេងៗនៅក្នុងសហគមន៍របស់ពួកគេ និងស្វែងរកដំណោះស្រាយយ៉ាងសកម្ម។ សាលា SCIA ជឿជាក់លើការបណ្តុះបណ្តាលអ្នកដឹកនាំនាពេលអនាគតដែលលើសពីការសិក្សាត្រឹមតែបរិបទក្នុងថ្នាក់ និងបង្កើតឥទ្ធិពលដ៏មានន័យដល់សង្គម ។
ថ្មីៗនេះ សិស្សថ្នាក់ទី 12 របស់សាលា SCIA បានចាប់ផ្តើមបេសកកម្មដ៏ស្មោះស្ម័គ្រដើម្បីគាំទ្រដល់មូលនិធិកុមារកម្ពុជា (CCF) នៅក្នុងការបង្ហាញពីភាពស្មោះត្រង់ និងក្តីមេត្តាដ៏គួរឱ្យកត់សម្គាល់ ។
ដោយមានការជំរុញទឹកចិត្តដោយជំនឿថាកុមារគ្រប់រូបសមនឹងទទួលបានបទពិសោធន៍នៃភាពរីករាយ និងភាពអស្ចារ្យក្នុងវ័យកុមារភាព សិស្សសាលា SCIA បានចាប់ផ្តើមយុទ្ធនាការដើម្បីប្រមូលសំលៀកបំពាក់ សំភារៈសិក្សា ប្រដាប់ប្រដាក្មេងលេង និងការបរិច្ចាគថវិការមួយចំនួនដល់កុមារដែលត្រូវការជំនួយនៅកម្ពុជា។ យុទ្ធនាការនេះពិតជាបានទាក់ទាញចំណាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្សជាង 530 នាក់ មាតាបិតា និងបុគ្គលិក។ ពួកគាត់បានចូលរួមវិភាគទានចេញពីចិត្ត ព្រោះពួកគាត់សុទ្ធតែចង់ផ្តល់ជំនួយដល់កុមារដែលខ្វះខាត។
ការតាំងចិត្ត និងការលះបង់របស់សិស្សានុសិស្សទទួលបានផលជាទីគាប់ចិត្ត ដោយពួកគេប្រមូលបានសាច់ប្រាក់សរុបចំនួន 2,264.32 ដុល្លារ និងសម្លៀកបំពាក់ សំភារៈសិក្សា និងរបស់លេងជាង 500ប្រភេទ សម្រាប់ក្មេងៗ។ ចំនួនទឹកប្រាក់ដ៏ច្រើននេះ នឹងជួយឱ្យមូលនិធិកុមារកម្ពុជា អាចផ្តល់ធនធាន និងការគាំទ្រសំខាន់ៗ ដើម្បីបង្កើនជីវភាពរស់នៅរបស់កុមារក្រោមការយកចិត្តទុកដាក់របស់អង្គការ។
ឥទ្ធិពលនៃកម្មវិធីសិក្សាភាពជាអ្នកដឹកនាំរបស់សាលា SCIA ត្រូវបានសបញ្ជាក់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងរលកឥទ្ធិពលដែលកម្មវិធីមានទៅលើសំណាក់សិស្សានុសិស្ស។ យុទ្ធនាការនេះមិនត្រឹមតែអាចប្រមូលបាននូវសំភារៈផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះនូវការយល់ចិត្តគ្នា និងការយោគយល់ក្នុងចំណោមសិស្សានុសិស្សផងដែរ។ ជាងនេះទៅទៀត វាផ្តល់ឱ្យពួកគេនូវឱកាសជាក់ស្តែងមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ពិភពលោក និងជាសក្ខីភាពដ៏ជ្រាលជ្រៅដែលពួកគេអាចបង្កើតបានតាមរយៈសកម្មភាពរបស់ពួកគេ។ គំនិតផ្ដួចផ្ដើមនេះ គឺស្របតាមគុណតម្លៃរបស់សាលា SCIA មនុស្សធម៌ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ទី1, 2, 3 និង 10 (គ្មានភាពក្រីក្រ គ្មានភាពអត់ឃ្លាន សុខភាពល្អ និងសុខុមាលភាព កាត់បន្ថយវិសមភាព)។
ខ្លឹមសារសំខាន់នៃសកម្មភាពដ៏កក់ក្តៅនេះ គឺផ្តោតទៅលើភាពចាំបាច់នៃការផ្តល់ឥទ្ធិពលដល់កុមារឱ្យក្លាយជាអ្នកដឹកនាំដោយខ្លួនឯង។ តាមរយៈការចូលរួមក្នុងសកម្មភាពសប្បុរស និងផ្តល់ជំនួយនេះ សិស្សសាលា SCIA មិនត្រឹមតែបានជួយលើកកំពស់ជីវភាពរបស់កុមារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរកឃើញសក្តានុពលផ្ទាល់ខ្លួនរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំ និងជាភ្នាក់ងារផ្លាស់ប្តូរផងដែរ។ នៅពេលដែលចែករំលែក សិស្សានុសិស្សក៏ទទួលបានប្រយោជន៍មកវិញផងដែរ។
ពេលដែលគំនិតផ្តួចផ្តើមមិនគិតតែពីខ្លួនឯងរបស់ SCIA លេចចេញជារូបរាង វាបានដើរតួជាការរំលឹកដល់ឥទ្ធិពលនៃភាពជាអ្នកដឹកនាំដែលលើសព្រំដែន និងបញ្ឆេះការផ្លាស់ប្តូរ។ ដោយផ្តោតលើសារៈសំខាន់នៃបុព្វហេតុជាជាងបុគ្គលដែលពាក់ព័ន្ធ យើងសង្ឃឹមថាគំនិតផ្តួចផ្តើមនេះ អាចបំផុសគំនិតអ្នកអានឱ្យឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបណ្តុះគុណភាពនៃភាពជាអ្នកដឹកនាំនៅក្នុងចិត្តយុវវ័យ និងឥទ្ធិពលយ៉ាងជ្រាលជ្រៅដែលអាចមានចំពោះសហគមន៍ទូទាំងពិភពលោក៕