Alynana Media Cambodia
Icon Collap
clinic narit

នៅថ្ងៃស្អែកនេះ គណបក្សនយោបាយនៅកម្ពុជាជិត ៣០គណបក្ស គ្រោងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព

Admin Alynana | Oct 24, 2023
នៅថ្ងៃស្អែកនេះ គណបក្សនយោបាយនៅកម្ពុជាជិត ៣០គណបក្ស គ្រោងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព
Clinic narith

(ភ្នំពេញ)៖ គណបក្សនយោបាយប្រមាណ ២៨ នៅកម្ពុជា គ្រោងនឹងចុះ កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាព នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។

បណ្តាគណបក្សនយោបាយទាំង ២៨ នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ ។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចេញសារជាសំឡេង ដោយសម្ដែងនូវក្ដីពេញចិត្ត និងស្វាគមន៍ចំពោះគណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរបបរាជនិយម ។

សម្តេចតេជោ បានថ្លែងដោយការពេញចិត្ត នូវការស្នើសុំ ក៏ដូចជាសេចក្តីថ្លែងការណ៍ នៃបណ្ដាគណបក្សនយោបាយនានាដែលមានបំណងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សម្ដេចថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់កៅចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អរបស់បណ្ដាគណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្តីថ្លែងការណ៍រួចមកហើយ ។

សម្ដេចបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាន នៃការគោរពឯករាជ្យភាព នៃគណបក្សរៀងៗខ្លួន។

សម្ដេចបន្តថា គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទៀតទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នឹងធ្វើការជាមួយគណបក្សផ្សេងទៀត ផ្អែកលើឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស ធំហើយគណបក្សដទៃដែលគ្មានកៅអីក្នុងសភាជាគណបក្សតូចតាចនោះទេ ។ យើងបានផ្ដល់ការគោរព គណបក្សទាំងអស់ដែលស្របច្បាប់ដែលចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ។

សម្តេចថា តាមខ្ញុំដឹង ខាងរាជរដ្ឋាភិបាល បានត្រៀមទទួលយកគណបក្សចំនួន៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ត្រៀមទទួលយកនៅដៃគូទាំងអស់ ដែលចង់បូករួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាព នៃការចងសម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការស្មើភាព និងស្មើសិទ្ធិ ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យក្រុមជំនួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រៀងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងអស់ដែលចងសម្ព័ន្ធភាពជាមួយគ្នា ហើយសម្ដេច នឹងជួបជាមួយនឹងឯកឧត្តម លោកជំទាវនាពេលខាងមុខដើម្បីពិភាក្សាទៅលើខ្លឹមសារ នៃសេចក្តីព្រមព្រៀងនោះ ។

សម្តេច បញ្ជាក់ទៀតថា យើងពិតជាមានតម្រូវការ នៃការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍន៍រយៈពេលវែង ចូលរួមជាមួយគ្នាដើម្បីការពារ នូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិង នីតិរដ្ឋ និងកិច្ចការផ្សេងៗទៀតដែលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ឲ្យយើងទាំងអស់គ្នាជាអ្នករួបរួម ដើម្បីការពារ។ និយាយមួយម៉ាត់ឲ្យខ្លី គឺត្រូវការពាររដ្ឋធម្មនុញ្ញរបស់យើង ហើយយើងក៏មានកាតព្វកិច្ចដើម្បីនឹងកម្ចាត់ចោល នូវនយោបាយជ្រុលនិយមចេញឲ្យផុតពីកម្ពុជា ដើម្បីធានាដ៏សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សានៅសន្តិភាពដើម្បីធានា នូវការអភិវឌ្ឍ ៕