ចិនត្រូវបានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន វាយតម្លៃថា កំពុងតែមានប្រៀបខ្លាំងលើឱកាសវិនិយោគផ្នែកឌីជីថល និងឧស្សាហកម្មបៃតង នៅក្នុងតំបន់អាស៊ាន។ ជាក់ស្តែងក្នុងចំណោមទឹកប្រាក់វិនិយោគជាង៣៨ពាន់លានដុល្លារ លើគម្រោងសរុបប្រមាណ៩៣ក្រុមហ៊ុន ចិនត្រូវបានគេអះអាងថា កំពុងនាំមុខក្រុមហ៊ុនមកពីប្រទេសមហាអំណាចផ្សេងៗ។
លោក ប៉ាហាឡា មេនសូរី (Pahala Mansury ) អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់សារព័ត៌មាន Nikkei ថា វិនិយោគិនចិន កំពុងមានប្រៀបខ្លាំងជាងវិនិយោគិនអាម៉េរិក អង់គ្លេស បារាំង និងអូស្ត្រាលី លើការបណ្តាក់ទុនថ្មីៗក្នុងគម្រោងអាជីវកម្មសំខាន់ៗ ជាពិសេសនៅលើផ្នែកឌីជីថល និងឧស្សាហកម្មបៃតងនៅតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។
នៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលឥណ្ឌូនេស៊ី បានរៀបចំនៅស្របពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលកាលពីដើមខែកញ្ញា មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា ក្នុងគោលបំណងកៀរគរមូលនិធិសាធារណៈ និងឯកជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ឱ្យកាន់តែច្រើន និងកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចិនកំពុងតែដើរតួនាទីដ៏សំខាន់។
នៅក្នុងវេទិកានេះ អាស៊ាន បានប្រកាសនូវគម្រោងចំនួន៩៣គម្រោង ដែលមានតម្លៃវិនិយោគជាង៣៨ពាន់លានដុល្លារ ដល់ប្រទេសជាដៃគូរបស់ប្លុកនេះ ក្នុងនោះគម្រោងចំនួន៧៣គម្រោងដែលមានទឹកប្រាក់ជិត១៨ពាន់លានដុល្លារ គឺជាគម្រោងអាទិភាព។
បើតាមការអះអាងរបស់លោក មេនសូរី វិនិយោគិនចិន បាននាំមុខវិនិយោគិនសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី ដោយបានរួមចំណែកធំជាងគេលើការវិនិយោគក្នុងគម្រោងទាំង៩៣គម្រោងខាងលើ ដែលធ្វើឱ្យគេជឿជាក់ថា ទីក្រុងប៉េកាំង នឹងក្លាយជាអ្នកវិនិយោគធំបំផុតរបស់គម្រោងទាំងមូល។
ក្រោមគំនិតផ្តួចផ្តើមនេះ អាស៊ានកំពុងផ្តល់អាទិភាពដល់វិស័យធំៗចំនួនបួនសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់រួមមាន៖ហេដ្ឋារចនាសម្ព័ន្ធបៃតង សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងទេសចរណ៍។ លោក មេនសូរី ជឿជាក់ថា វិស័យនេះនឹងជួយជំរុញឱ្យមានការរីកចម្រើនមិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ។
យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតទេថា ប្រទេសណានឹងវិនិយោគក្នុងគម្រោងមួយណានោះទេ គ្រាន់តែថា អាស៊ានមានបំណងឲ្យគម្រោងទាំងនោះសម្រេចបាននៅឆ្នាំ ២០២៥។ ហើយលោកសង្ឃឹមថា គម្រោងទាំងនោះនឹងអាចផ្លាស់ប្តូរពីដំណាក់កាលបច្ចុប្បន្ននៃភាពជាដៃគូទៅជាការវិនិយោគពិតប្រាកដ។ លោកអះអាងថា អាស៊ានកំពុងតែស្វែងរកការធ្វើពិពិធកម្មប្រភពនៃការវិនិយោគលើសពីប្រទេសចិន៕