សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា រោងចក្រនឹងសម្រុកទៅខេត្ដកំពង់ចាមកាន់តែច្រើន នៅពេលគម្រោងចំនួន ២ គឺគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម និងគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចរួចរាល់។
ប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីខាងលើត្រូវបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀមនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងពិធីខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា «យើងសង្ឃឹមថា ក្នុងរយៈពេលមិនយូរពីនេះទៅ ការធ្វើដំណើររបស់យើងកាន់តែលឿនព្រោះផ្លូវជាតិលេខ៧ កំណាត់ស្គន់ ៤៥ គីឡូម៉ែត្រទៅដល់ស្ពានគីហ្សូណាបានបើកការដ្ឋានកាលពីដើមឆ្នាំនេះហើយ សម្ដេចតេជោលោកមកបើក អ៊ីចឹងបន្ដិចទៀតរីកធំហើយ។ ឥឡូវយើងមកពីភ្នំពេញដល់ស្គន់លឿន ដល់ពីស្គន់ទៅកំពង់ចាមផ្លូវនៅតូចនៅឡើយ ប៉ុន្ដែឥឡូវយើងរីក ៤ Lane ពីរទៅពីរមក ហើយអាចកាន់តែលឿន ។ អ៊ីចឹងបន្ដិចទៀតកាន់តែលឿន កាន់តែប្រសិទ្ធភាពសម្រួលកាន់តែច្រើន រោងចក្រកាន់តែមកនេះ»។
សម្ដេចមានប្រសាសន៍បន្ដថា «ពេលដែលយើងធ្វើគម្រោងព្រែកជីកហ្វូណន ទាញសមុទ្រឲ្យជាប់ទន្លេ បង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្ដដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គ ចុះទៅសមុទ្រកាន់តែលឿនសេដ្ឋកិច្ចទៅតាមបណ្ដោយដងទន្លេនេះកាន់តែរីក ហើយក្នុងនោះមានខេត្ដកំពង់ចាមផង ហើយផលប្រយោជន៍នឹងបានទៅដល់បងប្អូនប្រជាពលថែមទៀត»៕