ចិនបានប្រកាសលក់មូលបត្របំណុលចំនួន ១ទ្រីលានយ័ន(១៣៧ពាន់លានដុល្លារ) ដើម្បីចែកចាយទៅរដ្ឋាភិបាលក្នុងតំបន់ ក្នុងកិច្ចគាំទ្រដល់ការទប់ស្កាត់ និងការស្តារឡើងវិញនូវគ្រោះមហន្តរាយជាតិ។
ចិនបានប្រកាសពីការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋាភិបាល ដែលមានតម្លៃ ១ទ្រីលានយ័ន(១៣៧ពាន់លានដុល្លារ) នៅថ្ងៃទី២៤ ខែតុលា ដើម្បីពង្រឹងសេដ្ឋកិច្ច ឡើងវិញ ក្រោយពីការរីករាលដាលជំងឺកូវីដ-១៩ ។
យោងតាមសារព័ត៌មាន Xinhua ទំហំទឹកប្រាក់ខាងលើនេះ នឹងត្រូវចែកដល់រដ្ឋាភិបាលក្នុងតំបន់ដើម្បីជួយដល់ការការពារនិងការស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយជាតិ។ ទឹកប្រាក់សរុប ៥០០ពាន់លានយ័ននឹងត្រូវប្រើប្រាស់នៅឆ្នាំនេះ ហើយ៥០០ ពាន់លានយ័នទៀតនឹងត្រូវយកទៅប្រើប្រាស់នៅឆ្នាំក្រោយ។
មូលបត្របំណុលបន្ថែមទាំងនេះ នឹងត្រូវបានប្រើប្រាស់ក្នុងវិស័យធំៗចំនួនប្រាំបីរួមមានការកសាងឡើងវិញនូវតំបន់រងគ្រោះដោយគ្រោះមហន្តរាយ គម្រោងគ្រប់គ្រងទឹកជំនន់សំខាន់ៗ ការកែលម្អសមត្ថភាពសង្គ្រោះបន្ទាន់ពីគ្រោះធម្មជាតិ និងទប់ស្កាត់ការលិចលង់ក្នុងទីក្រុង។
អ្នកជំនាញ Zhang Zhiwei នៃក្រុមហ៊ុន Pinpoint Asset Management កត់សម្គាល់ថា ការផ្លាស់ប្តូរនេះមានលក្ខណៈមិនធម្មតា ដែលវាបានបង្ហាញខ្លួននៅលើទីផ្សារមួយដ៏មានការចាប់អារម្មណ៍ជាខ្លាំង ។
បើតាមលោក Zhiwei គោលនយោបាយនេះ ជាជំហានមួយទៀតក្នុងទិសដៅត្រឹមត្រូវ សម្រាប់ចិនដែលធ្វើឱ្យគោលនយោបាយសារពើពន្ធរបស់ខ្លួន កាន់តែមានការគាំទ្រក្នុងការប្រឈមមុខនឹងសម្ពាធបរិត្តផរណានាពេលបច្ចុប្បន្ន ។ ផ្នែកមួយនៃប្រាក់ដែលបានវិនិយោគនឹងត្រូវបានប្រើនៅឆ្នាំក្រោយ ដូច្នេះនេះជួយជំរុញការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចចិនចាប់ពីឆ្នាំក្រោយ។
ការចេញមូលបត្របំណុលនឹងពង្រីកសមាមាត្រឱនភាពថវិការបស់ប្រទេសនាឆ្នាំ២០២៣ ដល់ប្រហែល ៣,៨ភាគរយពី ៣ភាគរយនាពេលបច្ចុប្បន្ន៕