ប៉េកាំង៖ ប្រទេសចិនបានដករដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលជាការបណ្តេញចេញជាលើកទីពីរនៃមេដឹកនាំជាន់ខ្ពស់ក្នុងរយៈពេលបីខែ ដោយបង្កើតជាចម្ងល់អំពីស្ថិរភាពនៃក្រុមមេដឹកនាំជុំវិញប្រធានាធិបតីចិន លោក Xi Jinping ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា លោកឧត្តមសេនីយ៍ Li Shangfu ដែលបានអវត្តមានពីសាធារណៈអស់រយៈពេលពីរខែ ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាសមាជិកក្រុមប្រឹក្សារដ្ឋ។
ប្រទេសចិនក៏បានប្រកាសផងដែរថា លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ត្រូវបានដកចេញពីតំណែងសមាជិកក្រុមប្រឹក្សារដ្ឋផងដែរ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមាជិកសភាកំពូលរបស់ប្រទេសចិន ដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិបានអនុម័តលើការដកចេញអ្នកទាំងពីរនេះ ដោយមិនបានផ្តល់ការពន្យល់ណាមួយឡើយ។
គ្មានអ្នកជំនួសតំណែងលោក Li នៅឡើយទេ ដោយទុកឲ្យប្រទេសនេះគ្មានរដ្ឋមន្ត្រីការពារជាតិ ខណៈដែលខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីការពារជាតិនៅឯវេទិកា Xiangshan ទីក្រុងប៉េកាំង នៅថ្ងៃទី ២៩ដល់៣១ ខែតុលា។
លោក Li ដែលមានអាយុ ៦៥ឆ្នាំត្រូវបានគេឃើញចុងក្រោយជាសាធារណៈនៅថ្ងៃទី២៩ ខែសីហា។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមុនថា លោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយសង្ស័យថាមានអំពើពុករលួយទាក់ទងនឹងលទ្ធកម្មឧបករណ៍និងការអភិវឌ្ឍន៍។
លោកទើបតែចូលបម្រើការងារតាំងពីខែមីនា នៅពេលដែលលោក Xi ចាប់ផ្តើមកាន់អំណាចអាណត្តិទី៣ ជាប្រមុខរដ្ឋដែលមិនធ្លាប់មានពីមុន។ លោក Li ដែលរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការទិញយន្តហោះចម្បាំង និងឧបករណ៍របស់ទីក្រុងប៉េកាំងពីប្រទេសរុស្ស៊ី គឺជារដ្ឋមន្ត្រីការពារជាតិដែលកាន់តួនាទីបានខ្លីបំផុតរបស់ប្រទេសចិន។
លោក Qin ក៏បានបម្រើការមិនដល់មួយឆ្នាំមុនពេលដែលលោកបានបាត់ខ្លួនពីសាធារណៈ ហើយត្រូវបានជំនួសដោយអ្នកស្នងតំណែងមុនរបស់លោកគឺ លោកWang Yi។ មិនទាន់មានការពន្យល់ជាផ្លូវការណាមួយទេ ប៉ុន្តែកាសែត Wall Street Journal បានដកស្រង់ប្រភពដែលនិយាយថា លោក Qin មានទំនាក់ទំនងស្នេហាលួចលាក់ខណៈពេលដែលលោកជាឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិក។
ការដកតំណែងរបស់លោក Li និង លោក Qin បានចោទជាសំណួរពីអ្នកការទូតអំពីការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ប្រទេសចិនភ្លាមៗ នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពយឺតយ៉ាវ ហើយទំនាក់ទំនងរបស់ចិនជាមួយសហរដ្ឋអាមេរិកបានជួបប្រទះបញ្ហាជាច្រើន។
ទាំងលោក Li និងលោក Qin ត្រូវបានអ្នកសង្កេតការណ៍នយោបាយចិនមើលឃើញថាត្រូវបានជ្រើសរើសដោយលោក Xi ផ្ទាល់ដែលធ្វើឱ្យអវត្តមានរបស់ពួកគេបន្ទាប់ពីកាន់ការងារមិនដល់មួយឆ្នាំគួរឱ្យកត់សម្គាល់ជាពិសេស។ អស់លោកទាំងពីរនាក់នេះមានតួនាទីជាសាធារណៈដ៏លេចធ្លោ និងធ្លាប់បម្រើការក្នុងចំណោមសមាជិកក្រុមប្រឹក្សារដ្ឋទាំងប្រាំរបស់ប្រទេសចិន ដែលជាតំណែងមួយមានឋានៈខ្ពស់ជាងរដ្ឋមន្ត្រីធម្មតា៕