ពេលអនាគតកម្ពុជានឹងមានអ្នកវិនិយោគពីប្រទេសរុស្ស៊ីមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែលថ្មីៗនេះ រុស្សីបានបន្តប្តេជ្ញាចិត្តនឹងជំរុញក្រុមហ៊ុនវិនិយោគពីប្រទេសរបស់ខ្លួនឱ្យមកបណ្តាក់ទុនរកស៊ីបន្ថែមទៀតនៅកម្ពុជា ។
ថ្លែងក្នុងការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់, កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ៕