សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលរៀបចំបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំរាប់ដោះស្រាយវិវាទ និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះបំរើពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រទី ២៧ ខែ តុលានេះ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។
ថ្លែងក្នុងពិធីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា « រាជរដ្ឋាភិបាលកំពុងអនុវត្តការកែទម្រង់សំខាន់ៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងសេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមខ្លួនទប់ទល់នឹងការវិវត្តន៍ថ្មីៗ ទាំងមានការនយោបាយក្នុងតំបន់ និង ពិភពលោក ដែលពិបាកប៉ាន់ស្មាន» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «គណៈរដ្ឋមន្រ្តីពិភាក្សាទៅលើរបៀបវារៈសំខាន់ៗដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្ដ ក៏ដូចជាកិច្ចការចាំបាច់ដែលត្រូវធ្វើ ដើម្បីអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាឲ្យទទួលបានជោគជ័យ»។
សម្តេចធិបតី បានបន្តថា «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលជារបៀបវារៈទី១នោះ ជាវិធានការមួយ នៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាប្រធានគន្លឹះមួយ»។
សម្តេចធិបតី បានបញ្ជាក់ថា «របៀបវារៈនេះមានសារៈសំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋរបស់យើង ការរៀបចំកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទមួយសំខាន់ដែលរាជរដ្ឋាភិបាលបានជំរុញក្នុងការដោះស្រាយនេះ ដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាព នូវភាពរហ័សរហួន នៃការដោះស្រាយវិវាទ គឺក្នុងគោលបំណងទីមួយ គឺកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី ។ ទីពីរ បង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែជិតប្រជាពលរដ្ឋ ។ និងទីបី គឺធានាបាន នូវសុខុដុមរមនា និងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋ »។
សម្តេចធិបតី បានបញ្ជាក់ថា «ការដាក់ចេញគោលនយោបាយអាទិភាពសម្រាប់ផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ គ្រួសារហានិភ័យ និងកសិកររបស់យើង ។ ការរៀបចំនេះគឺបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហា»៕