
ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) ថា បណ្ដាប្រទេសលោកខាងលិច មិនយកចិត្តទុកដាក់លើការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ហ្កាហ្សា នោះទេ ព្រោះថា «ឈាមដែលកំពុងហូរស្រក់នោះ គឺជាឈាមរបស់ពលរដ្ឋមូស្លីម មិនមែនជាពលរដ្ឋរបស់ពួកគេឡើយ» ។
នៅក្នុងសុន្ទរកថាក្នុងវិមានប្រធានាធិបតីរបស់ខ្លួន លោក Erdogan បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានប្រែក្លាយទៅជា «ភាពព្រៃផ្សៃ» ហើយបានរិះគន់បណ្ដាប្រទេសលោកខាងលិច ចំពោះការផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែល ជំនួសឱ្យការអំពាវនាវឱ្យមានការអត់ធ្មត់សម្រាប់សង្រ្គាម។
ប្រទេសទួរគី បានគាំទ្រពលរដ្ឋប៉ាឡេស្ទីន និងគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ ហើយបានទទួលសមាជិកនៃក្រុមសកម្មប្រយុទ្ធហាម៉ាស ផងដែរ។
ទោះបីជាទីក្រុងអង់ការ៉ា កំពុងធ្វើការដើម្បីជួសជុលទំនាក់ទំនងជាមួយអ៊ីស្រាអែល មុនពេលការប្រយុទ្ធគ្នាបានចាប់ផ្តើមក៏ដោយ ក៏ប្រទេសនេះបានពង្រឹងជំហររបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ខណៈដែលការប្រយុទ្ធគ្នា និងវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែធ្ងន់ធ្ងរឡើង៕