ភ្នំពេញ៖ «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»។ នេះជាសារក្រើនរំឭករបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលត្រូវបាន លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងទៅកាន់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី២៦ តុលា។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកយកសារក្រើនរំឭករបស់សម្ដេច ហ៊ុន សែន មកប្រាប់ដល់សិក្ខាកាម។ លោក ហ៊ុន ម៉ានី រំលេចពាក្យពេចន៍សម្ដេច ហ៊ុន សែន យ៉ាងដូច្នេះ៖«ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឫកពាឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»។
ក្រៅពីរំឭកសាររបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានី ក៏ជំរុញឱ្យមន្រ្តីគ្រប់រូប បម្រើការងារឱ្យបានល្អ ដែលជួយបំពេញសេចក្ដីត្រូវការរបស់ប្រជាជន និងជួយអភិវឌ្ឍន៍សង្គមជាតិកម្ពុជា។
«បន្ថែមលើការបណ្តុះបណ្តាល ដើម្បីសមត្ថភាពវិជ្ជាជីវៈទាំងនេះ។ ច្បាស់ណាស់មន្ត្រីដែលមានឥរិយាបទការងារល្អ ការបំពេញការងារប្រកបដោយវិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលកំពុងមានការកើនឡើងជាលំដាប់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ក្នុងពិធីដដែល លោក ហ៊ុន ម៉ានី បានចែករំលែកពីអភិក្រម នៃការគោរព ៣ ចំណុចផ្ទាល់ខ្លួនរបស់លោក ដោយត្រូវមានការគោរពចាស់ទុំ គឺចេញមកពីគុណធម៌ សីលធម៌, ការគោរពឋានានុក្រម កើតចេញមកពីការតែងតាំង និងការគោរពវីរភាពអ្នកដឹកនាំ គឺកើតចេញមកពីឧត្តមគតិ។ នេះបើតាមហេ្វសប៊ុកក្រសួងមុខងារសាធារណៈ៕