Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់យ៉េនរបស់ជប៉ុនបានបន្តធ្លាក់ថ្លៃទាបបំផុតនៅឆ្នាំនេះ បើធៀបនឹងប្រាក់ដុល្លារ

Media LNN | Oct 27, 2023
ប្រាក់យ៉េនរបស់ជប៉ុនបានបន្តធ្លាក់ថ្លៃទាបបំផុតនៅឆ្នាំនេះ បើធៀបនឹងប្រាក់ដុល្លារ
Clinic narith

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រាក់យ៉េនរបស់ជប៉ុនបានបន្តធ្លាក់ថ្លៃលើសពី ១៥០យ៉េនក្នុងមួយដុល្លារអាម៉េរិក ដែលបង្កើនសម្ពាធលើអាជ្ញាធរជប៉ុនឱ្យធ្វើអន្តរាគមន៍។

នៅថ្ងៃទី ២៧ ខែតុលា រូបិយប័ណ្ណជប៉ុន ១៥០,២យ៉េន អាចប្តូរមួយដុល្លារអាម៉េរិក ដែលជាកម្រិតទាបបំផុតប្រចាំឆ្នាំនេះ បើធៀបឆ្នាំមុនធ្លាក់ចុះដល់កម្រិត ១៥១,៩យ៉េន ហើយជាសញ្ញាជំរុញឱ្យមន្ត្រីជប៉ុនធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ។ 

ទោះបីជាប្រាក់យ៉េនទន់ខ្សោយ ផ្តល់ផលប្រយោជន៍ដល់អ្នកនាំចេញក៏ដោយ ការនេះបានក្លាយជាការឈឺក្បាលសម្រាប់មន្ត្រីជប៉ុននាពេលថ្មីៗនេះ។ អតិផរណា​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​កើនឡើង និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន ។

នៅថ្ងៃទី២៦ ខែតុលា មន្ត្រីជប៉ុនបានចេញការព្រមានដល់អ្នកប្រមើលមើលតម្លៃប្រាក់យ៉េន បន្ទាប់ពីតម្លៃបានឡើងលើសពីសញ្ញាសម្គាល់ ១៥០យ៉េន។ នេះជាសញ្ញាដែលអ្នកវិនិយោគព្យាករណ៍ថា អាជ្ញាធរជប៉ុននឹងធ្វើអន្តរាគមន៍។ នៅខែនេះ រូបិយប័ណ្ណក្នុងស្រុករបស់ជប៉ុនបានលើសពីសញ្ញាសម្គាល់ ១៥០យ៉េនក្នុងមួយដុល្លារអាម៉េរិកជាច្រើនដង។ 

« វាជារឿងសំខាន់ដែលអត្រាប្តូរប្រាក់ត្រូវតែឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវកត្តាជាមូលដ្ឋាន។ ភាពប្រែប្រួលខ្លាំងពេកជាអ្វីដែលគ្មាននរណាម្នាក់ចង់បាន »។ នេះបើតាមលោក Hideki Murai អគ្គលេខាធិការរងខុទ្ទកាល័យជប៉ុនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅជប៉ុន​។  ​យ៉ាង​ណាលោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​​ជប៉ុន​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​ឬ​ក៏​អត់។

ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានឲ្យដឹងថា ក្រសួងនឹងតាមដានទីផ្សារយ៉ាងដិតដល់ពីភាពបន្ទាន់ ហើយលោក​ក៏​មិន​បាន​លើក​ឡើង​ពី​ការអន្តរាគមន៍​ដែរ។ 

ប្រាក់យ៉េនបានធ្លាក់ថ្លៃចាប់តាំងពីដើមឆ្នាំនេះ ដោយសារភាពខុសគ្នានៃអត្រាការប្រាក់រវាងអាម៉េរិក និងជប៉ុន។ ខណៈ​ដែល​អាម៉េរិក​បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​ដើម្បី​ទប់​ស្កាត់​អតិផរណា ជប៉ុន​នៅ​តែ​រក្សា​អត្រា​ការ​ប្រាក់​អវិជ្ជមាន ។ ការវិវឌ្ឍចុងក្រោយបំផុតអាចបង្កើនសម្ពាធបន្ថែមលើធនាគារកណ្តាលជប៉ុន (BOJ) ដើម្បីផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ។ នៅសប្តាហ៍ក្រោយ BOJ នឹងមានការប្រជុំគោលនយោបាយ។

អតិផរណាស្នូលរបស់ជប៉ុន (មិនរាប់បញ្ចូលតម្លៃអាហារ និងប្រេងឥន្ធនៈដែលប្រែប្រួល) មាន ២,៨ភាគរយនៅខែកញ្ញា។ នេះជាខែទី ១៨ហើយដែលអតិផរណាបានលើសពីគោលដៅ ២ភាគរយរបស់ BOJ ។

យ៉ាងណាមិញ ទេសាភិបាល BOJ លោក Kazuo Ueda តែងតែសង្កត់ធ្ងន់ពីការរក្សាគោលនយោបាយរូបិយវត្ថុឱ្យធូររលុងរហូតដល់តម្លៃកើនឡើងក្នុងកម្រិតប្រកបដោយនិរន្តរភាព និងផ្អែកលើតម្រូវការកើនឡើង។

ប៉ុន្តែនៅពេលដែលការដំឡើងប្រាក់បៀវត្សរ៍មិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវអតិផរណា រដ្ឋាភិបាលជប៉ុននាពេលថ្មីៗនេះ បានរៀបចំផែនការកញ្ចប់ដំណោះស្រាយ ដើម្បីគាំទ្រដល់គ្រួសារដែលមានទំហំ ៣៣ពាន់លានដុល្លាររួមទាំងការចែកប័ណ្ណ និងការកាត់បន្ថយពន្ធលើប្រាក់ចំណូលផងដែរ៕