Alynana Media Cambodia
Icon Collap
clinic narit

ប្រឡង​បាក់ឌុប​ឆ្នាំនេះ​យក​គោលការណ៍ធំ​ ៤ ធានា​យុត្តិធម៌ បេក្ខជនអស់ចិត្ត​ទទួល​យកលទ្ធផល

Admin Alynana | Oct 27, 2023
ប្រឡង​បាក់ឌុប​ឆ្នាំនេះ​យក​គោលការណ៍ធំ​ ៤ ធានា​យុត្តិធម៌ បេក្ខជនអស់ចិត្ត​ទទួល​យកលទ្ធផល
Clinic narith

ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃ ០៦ វិច្ឆិកា ២០២៣ នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​តាម​គោលការណ៍​សំខាន់​​​ចំនួន ៤។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា​នា​សន្និសីទ​នៅ​រសៀល​នេះ។

លោក ហង់ជួន ណារ៉ុន បាន​គូស​បញ្ជាក់​ថា គោលការណ៍​ទាំង ៤ ​គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

​លោក​រដ្ឋមន្រ្តី​​អះអាងថា តាមរយៈការ​ដាក់ចេញ​គោលការណ៍​ទាំង​ ៤ ពោល​គឺ «អ្នក​ចេះ​ជាប់»។ លោក​រដ្ឋមន្រ្តី​លើកទឹកចិត្ត​ដល់​បេក្ខជន​​ទាំងអស់​ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង ដើម្បី​សម្រេច​ឲ្យបានលទ្ធផល​ល្អ​ពីការ​ប្រឹងប្រែង​​​រៀនសូត្រ​​រយៈពេល ១២ ឆ្នាំ​នេះ។

 

លោក​រដ្ឋមន្រ្តី​ក៏​ក្រើនរំលឹកដល់​បេក្ខជន ​ត្រូវ​គោរព​បទ​បញ្ញត្តិ​នៃ​ការ​ប្រឡង​ឲ្យ​បាន​ល្អ​ប្រសើរ​ ដោយ​មិន​ត្រូវ​លាក់​ទុក​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ ឬ​សំណៅ​ឯកសារ​ផ្សេងៗ​ចូល​មណ្ឌល​ប្រឡង​ឬ​បន្ទប់​ប្រឡង​ដាច់ខាត។ លោក​រដ្ឋមន្ត្រី​ព្រមាន​នឹង​មិន​លើកលែង​សម្រាប់​ការ​ល្មើស​ ដោយ​លើក​ឧទាហរណ៍កន្លងទៅ​មាន​​ការ​ប្រកាស​​ដាក់​ឲ្យ​​បេក្ខជន​មួយ​ចំនួន​​​ធ្លាក់​​ដោយ​ស្វ័យ​ប្រវត្តិ​ដោយសារ​ល្មើស​​មិន​គោរព​តាម​គោលការណ៍​នៃការប្រឡង។

ទាក់ទង​វិញ្ញាសាប្រឡងនៅ​ឆ្នាំនេះ​ ​លោក ហង់ជួន ណារ៉ុន​ បាន​បញ្ជាក់ថា​​​រៀបចំ​សមស្រប​តាមកម្មវិធី​សិក្សា​។ បើតាម​លោក​រដ្ឋមន្រ្តី​ ដូចបណ្តា​​ឆ្នាំ​មុនៗការ​ប្រឡង​​មាន​ចំនួន ៧ មុខវិជ្ជា។ ក្នុង​នោះ​មាន​​វិញ្ញាសារជម្រើស​ដែល​ក្រសួង​កំណត់​យក​មុខវិជ្ជា​​ប្រវត្តិវិទ្យា​សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និង​មុខវិទ្យាផែនដីវិទ្យា និង​បរិស្ថានវិទ្យា​សម្រាប់​ថ្នាក់វិទ្យាសាស្រ្ត​សង្គម។

ចំណែក​ប្រធានវិញ្ញាសាមានពីរ​ប្រភេទ​គឺ​ប្រធាន​វិញ្ញាសា​ចម្លង​តាមក្តារខៀន និង​ប្រធាន​វិញ្ញាសា​ចែកជូន​ដល់បេក្ខជន។

ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​សម័យ​ប្រឡង​​នៅ​ថ្ងៃ ០៦ វិច្ឆិកា ២០២៣ ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ៤១២ នាក់ ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤១ ៣៧៩ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៦ ០៣៣ នាក់។

មណ្ឌល​សម្រាប់​រៀបចំ​ការ​ប្រឡង​មាន​ចំនួន ២២៧ មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៧២ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម​មាន​ចំនួន ១៥៥ មណ្ឌល៕