ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក គឺលោក ម៉ូរីស ចាង (Morris Chang) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាពតានតឹងផ្នែកបច្ចេកវិទ្យាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិននឹងធ្វើឱ្យឧស្សាហកម្មបន្ទះឈីបពិភពលោកធ្លាក់ចុះ។ ជាមួយគ្នានេះ ប្រមុខការទូតចិន និងសហអាម៉េរិក បានជួបពិភាក្សាគ្នានៅលើទឹកដីសហរដ្ឋអាម៉េរិក ដែលគេរំពឹងថា នឹងអាចស្វែងរកដំណោះសា្រយរួមរវាងប្រទេសទាំងពីរ។
លោក ម៉ូរីស ចាង ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់តៃវ៉ាន់ TSMC លើកឡើងថា ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងប្រព័ន្ធបច្ចេកវិទ្យារវាងសហរដ្ឋអាម៉េរិក និងចិននឹងទាញទម្លាក់ឧស្សាហកម្មបន្ទះឈីបសកលឱ្យមានការធ្លាក់ចុះ។
ជាក់ស្តែងមន្ត្រីអាម៉េរិក កាលពីខែតុលា បានអនុម័តលើការរឹតបន្តឹងការនាំចេញមួយទៀត ដែលរារាំងដល់ការនាំចេញបន្ទះឈីប និងឧបករណ៍ផលិតបន្ទះឈីបទៅកាន់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនចិន Huawei Technologies កាលពីខែមុន បានបង្ហាញទូរសព្ទស៊េរីថ្មី ដែលប្រើបន្ទះឈីបក្នុងស្រុក។
លោក ចាង ដែលមានវ័យ៩២ឆ្នាំ បាននិយាយថា ការកាត់ផ្តាច់ឧស្សាហកម្មបន្ទះឈីបរបស់ចិនពីផ្នែកខ្លះទៀតនៅក្នុងពិភពលោក នឹងធ្វើឱ្យប៉ះពាល់ដល់តួអង្គផ្សេងទៀតក្រៅពីចិន ដ្បិតថា នៅទីបំផុតនៃការកាត់ផ្តាច់បែបនេះនឹងធ្វើឱ្យគ្រប់គ្នាធ្លាក់ចុះ បើទោះជាវិធានការនេះសំដៅធ្វើឱ្យចិនធ្លាក់ចុះភ្លាមៗក៏ដោយ។
លោក ចាង បាននិយាយថា ផលនៃការកាត់ផ្ដាច់បែបនេះបានលេចរូបរាងកាន់តែច្បាស់ឡើងហើយ ហើយថា ជម្លោះសេដ្ឋកិច្ចពីមុនៗមកជាច្រើនរវាងមហាអំណាចទាំង២នេះបានបញ្ចប់នៅក្នុងសង្គ្រាមមួយចំនួន។ លោក ចាង បានបង្កើតក្រុមហ៊ុនផលិតបន្ទះឈីបនៅតៃវ៉ាន់ ហៅកាត់ថា TSMC នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយក្រុមហ៊ុននេះបានជួយឱ្យតៃវ៉ាន់ក្លាយជាអ្នកផលិតបន្ទះឈីបដ៏ទំនើបឈានមុខគេនៅក្នុងពិភពលោក។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អេនថូនី ប្ល៊ីនខិន និងសមភាគីចិន លោក វ៉ាង យី បានចាប់ផ្ដើមកិច្ចពិភាក្សាគ្នារយៈពេល២ថ្ងៃ នៅក្នុងទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក ដោយលោក ប្ល៊ីនខិន បានបើកកិច្ចប្រជុំនេះថា លោកទន្ទឹងរង់ចាំកិច្ចសន្ទនាក្នុងន័យស្ថាបនាពីភាគីចិន។
យ៉ាងណាមិញ លោក វ៉ាង យី បានកត់សម្គាល់ថា ចិន និងអាម៉េរិក មានការខ្វែងគំនិតគ្នា និងមិនសម្រុងគ្នាក៏ពិតមែន ប៉ុន្តែក្នុងពេលជាមួយគ្នានោះប្រទេសទាំង២មានផលប្រយោជន៍សំខាន់ៗរួម និងកំពុងប្រឈមមុខនឹងបញ្ហា ដែលត្រូវឆ្លើយតបជាមួយគ្នាផងដែរ ហើយថា ទំនាក់ទំនងចិន-អាម៉េរិក គួរតែត្រឡប់ទៅលើផ្លូវល្អ និងមានស្ថិរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកការទូតទាំង២ ទំនងជាបានពិភាក្សាគ្នាពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលទ្វេភាគី និងបានផ្លាស់ប្តូរ ទស្សនស្តីពីស្ថានភាពនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ដូចជាបញ្ហាទាក់ទងនឹងកូរ៉េខាងជើងផងដែរ។ ក្រុមអ្នកសង្កេតការណ៍កំពុងតាមឃ្លាំមើលថា តើកិច្ចប្រជុំនេះនឹងអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដែរឬក៏យ៉ាងណា។
ទោះយ៉ាងណាមានការរំពឹងទុកកាន់តែខ្លាំងឡើងថា មេដឹកនាំទាំង២នេះអាចនឹងជួបគ្នានៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះនៅខាងក្រៅវេទិកានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក៕