លោក កែវ រ៉េមី បានឆ្លើយតបទៅនឹងការស្នើសុំដូច្នេះថា លោកបានទទួលលិខិតរបស់បងប្អូន កូនក្មួយសហគមន៍ Rock រួចហើយ។ តាមការពិតលោកបានបង្កើតក្រុមការងារតាំងតែពីព្រឹកថ្ងៃអាទិត្យ ពោល គឺតាំងតែពីម៉ោង ៧និង ១៧នាទី មកម្ល៉េះហើយក្រុមការងារនឹងធ្វើកិច្ចការនេះ។
សហគមន៍ឥន្ទធនូ កម្ពុជា (រ៉ក់) បានសរសេរលិខិតថា នេះគឺជាលិខិតរបស់សហគមន៍ ឥន្ទធនូ កម្ពុជា (រ៉ក់) ដែលគោរពជូនឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលស្នើឲ្យមានកិច្ចអន្តរាគមន៍ដើម្បីជួបពិភាក្សា និងបំភ្លឺជាមួយលោក អ៊ូ បុណ្ណារ៉ាត់ ឬ លោក ពូ ក្រឹម ដែលជាគណៈ កម្មការ (judge) មួយរូបជុំវិញមតិយោបល់មានលក្ខណៈរើសអើងលើបេក្ខជនមួយរូបក៏ដូចជាបុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដទៃទៀត។
ប្រភពបានបញ្ជាក់ថា លោក ក្រឹម បានធ្វើឡើងនៅក្នុងកម្មវិធីបង្ហាញទេពកោសល្យសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ នៅរាត្រីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ។
សូមជម្រាបថា ដូចមហាជនបានដឹងហើយថ្មីៗនេះ តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសគឺ នាយ ក្រឹម បាននិយាយនៅក្នុងកម្មវិធីមួយដោយលោកធ្វើជាគណៈកម្មការ ប៉ុន្តែរឿងដ៏ហួសចិត្តនោះតារាកំប្លែងរូប នេះ បានរិះគន់ប៉ះពាល់ដល់ភេទទី៣ (ខ្ទើយ) រហូតផ្ទុះប្រតិកម្មយ៉ាងច្រើននៅលើបណ្តាញសង្គម។
ប្រាកដណាស់ដោយ ក្នុងនោះដែរគេក៏សង្កេតឃើញមានមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែងការហួសចិត្ត និងរិះគន់ចំពោះការលើកឡើងរបស់នាយ ក្រឹម ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ភេទទី៣ ដែលពួកគាត់ក៏ជាមនុស្សមានតម្លៃរស់ នៅក្នុងសង្គមដូចគ្នា៕