Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថានទូតចិននៅជប៉ុន៖ ប្រទេសនានាគួរចាត់វិធានការដូចគ្នា ដើម្បីការពារសុវត្ថិភាពចំណីអាហារនិងសុខភាពសាធារណៈ

Admin Alynana | Nov 01, 2023
ស្ថានទូតចិននៅជប៉ុន៖ ប្រទេសនានាគួរចាត់វិធានការដូចគ្នា ដើម្បីការពារសុវត្ថិភាពចំណីអាហារនិងសុខភាពសាធារណៈ
Clinic narith

ចិន៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅក្នុងប្រទេសជប៉ុន បានលើកឡើងថា បណ្តាប្រទេសនានាមានសិទ្ធិចាត់វិធានការឱ្យស្របគ្នាណាមួយ សម្រាប់ជាប្រយោជន៍ដល់សុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ អំឡុងប្រតិបត្តិការរបស់ប្រទេសជប៉ុន ក្នុងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៃសារធាតុនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។

គួរបញ្ជាក់ថា ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៅទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ហើយបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យមានការដកវិធានការរឹតបន្តឹងចំពោះការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន និងការឆ្លើយតបរួមគ្នាចំពោះរាល់សកម្មភាពបង្ខិតបង្ខំណាមួយទៅលើផ្នែកសេដ្ឋកិច្ច។

ជុំវិញសេចក្តីអត្ថាធិប្បាយលើបញ្ហានេះ អ្នកនាំពាក្យស្ថានទូតចិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលជប៉ុន មិនបានយកចិត្តទុកដាក់ចំពោះក្តីកង្វល់របស់សហគមន៍អន្តរជាតិសោះឡើយ ហើយនៅតែទទូចឱ្យមានការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្របន្ថែមទៀត ដោយធ្វើឱ្យពិភពលោកទាំងមូលប្រឈមនឹងហានិភ័យចំពោះការបំពុលដោយសារធាតុនុយក្លេអ៊ែរ។ ដូចនេះ ដើម្បីការពារសុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ ប្រទេសនានាមានសិទ្ធិចាត់វិធានការបង្ការណាមួយ ដែលស្របគ្នា។ បន្ថែមពីនេះ ក្នុងនាមជាអ្នកបង្កើតបញ្ហា ជប៉ុនគួរតែគិតពិចារណាដោយខ្លួនឯង និងកែកំហុសរបស់ខ្លួនឡើងវិញ”។

អ្នកនាំពាក្យស្ថានទូតចិន បានបន្ថែមទៀតថា យើងជំរុញឱ្យពួកគេ (G7) សូមកុំប្រកាន់ខ្ជាប់នូវស្តង់ដាលក្ខណៈទ្វេដង ប៉ុន្តែត្រូវចាត់វិធានការជាក់ស្តែង ដើម្បីរក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិតាមលក្ខណៈធម្មតា ៕

ប្រភព៖ Reuters Connect