Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូរ៉េខាងជើង កំពុងត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន នៅជុំវិញពិភពលោក

Media LNN | Nov 01, 2023
កូរ៉េខាងជើង កំពុងត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន នៅជុំវិញពិភពលោក
Clinic narith

(ព្យុងយ៉ាង)៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញជាច្រើន បានឲ្យដឹងថាកូរ៉េខាងជើង កំពុងត្រៀមបិទស្ថានទូតជាច្រើនរបស់ខ្លួន ក្នុងនោះមាន ទាំងស្ថានទូតនៅអេស្ប៉ាញ ហុងកុង និងប្រទេសជាច្រើននៅអាហ្វ្រិក ដែលត្រូវបានគេមើលឃើញថាស្មើនឹងការបិទបេសកកម្មការទូតរបស់ ទីក្រុងព្យុងយ៉ាង ប្រហែល២៥ភាគរយនៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ថាបនិកគេហទំព័រ NK Pro ខាងតាមដានកូរ៉េខាងជើង បានរៀបរាប់ក្នុងអត្ថបទមួយចុះផ្សាយនៅថ្ងៃពុធនេះថា ការបិទស្ថានទូតបែបនេះអាចជា ការរង្គោះរង្គើគោលនយោបាយការបរទេសដ៏ធំបំផុតរបស់កូរ៉េខាងជើង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបង្កការលំបាកដល់ ការរក្សាទំនាក់ទំនងការទូត កិច្ចការមនុស្សធម៌ ក៏ដូចជាសមត្ថភាពក្នុងការបង្កើនប្រាក់ចំណូល។ បេសកកម្មការទូតជាង ១០ អាចនឹងត្រូវបិទដែល ទំនងជាដោយសារតែទណ្ឌកម្មអន្តរជាតិ និន្នាការនៃការផ្តាច់ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងនៅទូទាំងពិភពលោក និងការចុះខ្សោយផ្នែក សេដ្ឋកិច្ចកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើងនឹងបិទស្ថានទូតក្នុងប្រទេសអេស្ប៉ាញ ដោយប្រើបេសកកម្មរបស់ខ្លួន នៅអ៉ីតាលី ដោះស្រាយកិច្ចការស​ម្រាប់អេស្ប៉ាញ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ទើបនឹងរាយការណ៍ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានទៅជួបសំដែង ការគួរសម និងជម្រាបលាមេដឹកនាំអង់ហ្គោឡា និងអ៊ូហ្កង់ដា ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអាហ្វ្រិកទាំងពីរនេះ ក៏បានរាយការណ៍ពី ការបិទស្ថានទូតកូរ៉េខាងជើងនៅទីនោះផងដែរ។ កូរ៉េខាងជើងមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៥៩ ប៉ុន្តែមានបេសកកម្មទូតតែ ៥៣ ប៉ុណ្ណោះ នៅក្រៅប្រទេស ក្នុងនោះរួមមានទាំងស្ថានកុស៊ុលចំនួន៣ និងការិយាល័យតំណាងចំនួន ៣៕