Alynana Media Cambodia
Icon Collap
clinic narit

គ្រោះរាំងស្ងួតនៅឥណ្ឌាអាចនឹងធ្វើឲ្យតម្លៃស្ករស និងកប្បាសនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ

Media LNN | Nov 01, 2023
គ្រោះរាំងស្ងួតនៅឥណ្ឌាអាចនឹងធ្វើឲ្យតម្លៃស្ករស និងកប្បាសនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ
Clinic narith

គ្រោះរាំងស្ងួតនៅឥណ្ឌាអាចនឹងធ្វើឲ្យតម្លៃស្ករស និងកប្បាសនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ ដ្បិតឥណ្ឌាគឺជាប្រទេសផលិតស្ករស និងកប្បាសដ៏ធំមួយនៅលើពិភពលោក។ ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកមួយនេះមានសមត្ថភាពអាចផលិតស្ករសបានប្រមាណ៣៧លានតោន ហើយកប្បាសវិញគឺមានប្រមាណជិត៨លានតោនក្នុងមួយឆ្នាំ។ ឥណ្ឌាបានរួមចំណែក២០%ក្នុងទីផ្សារផលិត និងផ្គត់ផ្គង់ស្ករសរបស់លើពិភពលោក។

បញ្ហាអាកាសធាតុរាំងស្ងួតខុសពីធម្មតា ដែលកំពុងកើតឡើងក្នុងប្រទេសឥណ្ឌា កំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ទំនិញកសិកម្មជាសាកល រួមទាំងស្ករស និងកប្បាស ដែលធ្វើឱ្យគេមើលឃើញថា អាចធ្វើឱ្យអតិផរណាតម្លៃអាហារអូសបន្លាយពេលយូរនៅលើទីផ្សារអន្តរជាតិ។ បើតាមសារព័ត៌មាន Nikkei នៅពេលនេះតម្លៃស្ករប្រើប្រាស់ទូទៅនៅទីក្រុងញូវយ៉ក បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល១២ឆ្នាំ ដោយតម្លៃស្ករសបានឡើងថ្លៃចំនួន ២៨សេនក្នុងមួយផោន ខណៈកាលពីថ្ងៃចន្ទវាបានឡើងតែ២៦សេនប៉ុណ្ណោះ។

ការកើនឡើងតម្លៃស្ករសនេះ បានកើតឡើងនៅពេលដែលបាតុភូតអាកាសធាតុ អេលនីណូ បានជះឥទ្ធិពលបណ្តាលឱ្យមានភាពរាំងស្ងួតនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសផលិត និងផ្គត់ផ្គង់ស្ករសដ៏ធំមួយនៅលើពិភភបលោក ដែលបានរួមចំណែកប្រមាណ២០ភាគរយ។

យោងតាមនាយកដ្ឋានឧតុនិយមរបស់ឥណ្ឌាបានឱ្យដឹងថា ប្រទេសនេះបានទទួលរងនូវភាពរាំងស្ងួតខ្លាំងបំផុតក្នុងខែសីហា ដែលជាកំណត់ត្រាថ្មីសម្រាប់ឆ្នាំនេះ។ ភ្លៀងបានបង្អុរធ្លាក់ចុះមកក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញា តែបរិមាណទឹកភ្លៀង គឺធ្លាក់នៅកម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំ។

ប្រភពពីក្រុមហ៊ុនស្ករមួយបាននិយាយថា ចម្ការអំពៅនៅរដ្ឋម៉ាហារ៉ាស្រ្តា ( Maharashtra) និង កាណាតាកា ( Karnataka) ដែលទទួលខុសត្រូវលើការផលិតស្ករសច្រើនជាងពាក់កណ្តាលរបស់ប្រទេសឥណ្ឌា បានទទួលរបបទឹកភ្លៀងធ្លាក់ទាបជាងមធ្យមភាគប្រចាំឆ្នាំ ដែលនាំឱ្យទិន្នផលស្ករអំពៅធ្លាក់ចុះប្រមាណ៣ភាគរយក្នុងឆ្នាំ២០២៣ និង២០២៤។ ពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃទី១៨ ខែតុលាថា ខ្លួននឹងបន្តការទប់ស្កាត់ការនាំចេញស្ករសដោយគ្មានកំណត់ ដែលគ្រោងនឹងបញ្ចប់នៅខែនេះ។

ក្រៅពីឥណ្ឌា ប្រទេសថៃ និងប្រទេសផលិតស្ករសសំខាន់ៗនៅអាស៊ី ក៏កំពុងជួបប្រទះនឹងអាកាសធាតុរាំងស្ងួតដោយសារបាតុភូត អេលនីណូ ដែលកំពុងបន្ថែមការព្រួយបារម្ភនៃការផ្គត់ផ្គង់ស្ករសនៅលើទីផ្សារ។ ប្រភពពីក្រុមហ៊ុនស្ករសមួយបាននិយាយថា ដោយសារភាពមិនច្បាស់លាស់លើការប្រមូលផលនៅអឌ្ឍគោលខាងជើងឆ្នាំនេះ អ្នកទិញកំពុងប្រកួតប្រជែងគ្នាទិញស្ករសរបស់ប្រេស៊ីល ដែលជាអ្នកផលិតដ៏ធំមួយរបស់ពិភពលោក។

មិនមែនមានតែស្ករសនោះទេដែលឡើងថ្លៃ សូម្បីតម្លៃកប្បាសក៏បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅរយៈពេល១០ខែកន្លងមកនេះផងដែរ ពោលគឺឡើងដល់៩១សេន ក្នុងមួយផោនដែលស្មើនឹងជិតកន្លះគីឡូ ខណៈដែលមុននេះបន្តិចតម្លៃឡើងត្រឹមតែ៨៣សេនប៉ុណ្ណោះ។ ក្រៅពីឥណ្ឌា ប្រទេសផលិតកប្បាសច្រើនជាងគេដូចជាសហរដ្ឋអាម៉េរិក ក៏បានកាត់បន្ថយការព្យាករទិន្នផលកប្បាសផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ូតូមូ កូស៊ូក (Tsutomu Kosuge) អ្នកសេដ្ឋកិច្ចជប៉ុនមួយរូប ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បាននិយាយថា កង្វល់នៃការផ្គត់ផ្គង់ដោយផ្អែកលើអាកាសធាតុសម្រាប់ផលិតផលកសិកម្មទំនងជាមិនត្រូវបានដោះស្រាយនៅពេលនេះទេ។ លោកបានសន្និដ្ឋានថា និន្នាការនៃការកើនឡើងនូវតម្លៃស្ករស និងកប្បាសនឹងបន្តកើតមាន ដោយសារតែផលិតកម្មនេះគ្មានវត្ថុធាតុដើមអាចបំពេញបន្ថែមលើការផលិតកម្មបានទេ៕