Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យធនាគារពិភពលោកព្រមានពីការរង្គោះរង្គើទ្វេដងនៅក្នុងទីផ្សារទំនិញ

Media LNN | Nov 01, 2023
ជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យធនាគារពិភពលោកព្រមានពីការរង្គោះរង្គើទ្វេដងនៅក្នុងទីផ្សារទំនិញ
Clinic narith

ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងតែបន្តអូសបន្លាយពេលនៅតំបន់មជ្ឈិមបូព៌ានោះ ធនាគារពិភពលោកបានព្រមានថា ជម្លោះនេះនឹងធ្វើឱ្យមានការរង្គោះរង្គើទ្វេដងនៅក្នុងទីផ្សារទំនិញ ដោយមកដល់ពេលនេះវាបានជំរុញឱ្យតម្លៃទំនិញកើនឡើងប្រហែល៦% ចាប់តាំងពីការចាប់ផ្ដើមជម្លោះនេះនៅថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ធនាគារពិភពលោកបានព្រមានថា ការកើនឡើងនូវជម្លោះចុងក្រោយបង្អស់នៅមជ្ឈិមបូព៌ា អាចនឹងធ្វើឱ្យទីផ្សារទំនិញសកលប្រឈមមុខនឹង«ការរង្គោះរង្គើទ្វេដង»បន្ថែមពីលើការរំខានរួចស្រាប់ទៅហើយនៃសង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនស្ដីពីទស្សនវិស័យទីផ្សារទំនិញប្រើប្រាស់ថា ជម្លោះចុងក្រោយនេះអាចរុញច្រានទីផ្សារទំនិញសកលឱ្យធ្លាក់ចូលទៅក្នុង «ដែនទឹកដែលគ្មានត្រីវិស័យច្បាស់លាស់»។

ធនាគារនេះបានរំពឹងថា តម្លៃប្រេងនឹងមានតម្លៃជាមធ្យម៩០ដុល្លារក្នុងមួយធុងបារ៉ែលក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះមុនពេលវាបានធ្លាក់ចុះមកនៅត្រឹម៨១ដុល្លារ ក្នុងមួយធុងបារ៉ែលនៅឆ្នាំក្រោយ ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ របាយការណ៍របស់ធនាគារនេះបានកត់សម្គាល់ថា តម្លៃទំនិញជារួមត្រូវបានព្យាករថានឹងធ្លាក់ចុះជាង៤%នៅឆ្នាំក្រោយនេះ ដើម្បីរក្សាស្ថិរភាពនៅក្នុងឆ្នាំ២០២៥។

ធនាគារពិភពលោកបាននិយាយថា ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលនេះបានជះផលប៉ះពាល់នៅមានកម្រិតនៅឡើយដល់ទីផ្សារទំនិញពិភពលោកមកទល់ពេលនេះ គឺជាក់ស្ដែងតម្លៃប្រេងសរុបបានកើនឡើងប្រហែល៦%ចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា។ របាយការណ៍របស់ធនាគារនេះក៏បានឱ្យដឹងដែរថា ទស្សនវិស័យសម្រាប់តម្លៃទំនិញនឹងមានភាពស្រពិចស្រពឹលក្នុងពេលយ៉ាងឆាប់នេះ ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ានៅតែកើនឡើង។

លោក អ៊ីនឌឺមីត ហ្គីល (Indermit Gill) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក និងជាអនុប្រធានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍បានអំពាវនាវដល់អ្នកបង្កើតគោលនយោបាយឱ្យមានការប្រុងប្រយ័ត្នចំពោះផលរំខានបណ្ដាលមកពីភាពចលាចលនេះ។

លោក ហ្គីល បាននិយាយថា ប្រសិនបើជម្លោះកាន់តែតានតឹង សេដ្ឋកិច្ចពិភពលោកនឹងប្រឈមមុខនឹងការរង្គោះរង្គើប្រកបដោយថាមពលទ្វេដងជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ គឺមិនមែនត្រឹមតែបណ្ដាលមកពីសង្រ្គាមនៅអ៊ុយក្រែនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។

លោក អាយហាន កូស (Ayhan Kose) អនុប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក និងជានាយកក្រុមហ៊ុន Prospects Group បានព្រមានថា តម្លៃប្រេងកាន់តែខ្ពស់នឹងជំរុញឱ្យតម្លៃម្ហូបអាហារកើនខ្ពស់ផងដែរ។

លោក កូស បានបន្ថែមថា កាលពីចុងឆ្នាំ២០២២ មនុស្សជាង៧០០លាននាក់ ពោលគឺជិតមួយភាគដប់នៃចំនួនប្រជាជនពិភពលោកខ្វះអាហារូបត្ថម្ភ ហើយការកើនឡើងនូវជម្លោះចុងក្រោយនេះនឹងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែខ្លាំងឡើងមិនត្រឹមតែនៅក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងពិភពលោកផងដែរ៕