(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃពុធនេះ អ៉ីស្រាអែលបានរិះគន់ ចំពោះការសម្រេចចិត្តរបស់ប្រទេសបូលីវី ក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងគ្នា ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ Gaza Strip ថាជាការចុះចាញ់អំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីស្រាអែល លោក Lior Haiat បាននិយាយដូច្នេះថា «ការសម្រេចចិត្តរបស់រដ្ឋាភិបាលបូលីវី ក្នុងការផ្តាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល គឺជាការលើកទង់ជ័យសចំពោះអំពើភេរវកម្ម ក៏ដូចជាចំពោះរបបរបស់លោក Ayatollah នៅប្រទេសអ៉ីរ៉ង់។ តាមរយៈការបោះជំហានបែបនេះ រដ្ឋាភិបាលបូលីវីបានជម្រើសរើស ឈរនៅខាងក្រុមភេរវករហាម៉ាស»។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសបូលីវីបានប្រកាសពីការសម្រេចចិត្ត កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៉ីស្រាអែល ជុំវិញអ្វីដែលខ្លួនចាត់ទុកថា ជាការវាយលុកយោធាខ្លាំងជ្រុលហួសហេតុ នៅតំបន់ Gaza Strip។ ចំណែកប្រទេស២ទៀត នៅតំបន់អាមេរិកឡាទីន គឺកូឡុំប៊ីនិងឈីលី ក៏បានកោះហៅឯកអគ្គរដ្ឋទូតរៀងៗខ្លួនពីអ៉ីស្រាអែល ត្រឡប់ទៅស្រុកវិញផងដែរ ដោយសារតែសង្រ្គាមរបស់អ៉ីស្រាអែលនៅ Gaza។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អ៉ីស្រាអែលបានបញ្ជូនកងទ័ព ព្រមទាំងរថក្រោះចូលទៅកាន់តំបន់ Gaza ដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានសម្លាប់មនុស្សជាង១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល អំលុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល។ ចាប់តាំងពីនោះ អ៉ីស្រាអែលបានសងសឹកវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាបំផុត ដែលបានសម្លាប់មនុស្សជាង៨,៥០០នាក់ ភាគច្រើនជាជនស៉ីវិល នៅ Gaza Strip៕