(កណ្ដាល)៖ គិតក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេល និងក្រោយពេលសម្រាលកូនចំនួនប្រមាណ ៥ លានដុល្លារអាម៉េរិក ដើម្បីចូលរួមដល់សុខុមាលភាពមាតា និងទារកនៅតាមបណ្ដារោងចក្រ សហគ្រាសទូទាំងប្រទេសកម្ពុជា។
តាមយរៈកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ម៉ឺននាក់ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា តារមយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឲ្យបានល្អ និងកាន់តែមានភាពងាយស្រួល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៥លានដុល្លារអាម៉េរិក ដើម្បីជួយកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន១ម៉ឺន ៥ពាន់ ៥០១នាក់ ចំនូនកូន ១ម៉ឺន ៥ពាន់ ៦១១នាក់ ដោយបានពិនិត្យសុខភាពមុនក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុបចំនួន ៥ម៉ឺន ៣ពាន់ ៦១៤នាក់ករណី។
ឯកឧត្តមថ្លែងថា តាមរយៈគោលនយោបាយប្រាក់ឧបត្ថម្ភនេះបានបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលមិនត្រឹមគិតគូរទៅដល់កម្មករនិយោជិតដែលកំពុងធ្វើការងារនោះទេ ថែមទាំងបានគិតគូរទៅដល់សុខភាព និងការរីកលូតលាស់នៃកូនរបស់កម្មករនិយោជិតផងដែរ ដែលធ្វើឲ្យកម្មករនិយោជិតកាន់តែមានជំនឿ និងជឿជាក់ទៅលើការរីកចម្រើនលូតលាស់របស់កូនទៅថ្ងៃអនាគតដែរ។
សូមជម្រាបថា ក្រៅពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេល និងក្រោយពេលសម្រាលកូននេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណិត្តទី៧ នៃរដ្ឋសភា បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាក់ព័ន្ធ និងតំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីគិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី បានយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ៕